សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក Fisker បានប្រកាសថាខ្លួននឹងបញ្ឈប់បុគ្គលិក ១៥ ភាគរយដើម្បីកាត់បន្ថយការចំណាយ ដោយសារបច្ចុប្បន្នក្រុមហ៊ុនកំពុងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ និងកំពុងស្វែងរកការវិនិយោគបន្ថែមទៀត នេះបើយោងតាម The Verge ដែលបានចុះផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។
Fisker គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលត្រូវបានបង្កើតឡើងដោយអ្នករចនារថយន្តដ៏ល្បីល្បាញជនជាតិដាណឺម៉ាក Henrik Fisker ក្នុងឆ្នាំ ២០០៧ បន្ទាប់ពីដំណើរការអស់រយៈពេល ១៧ ឆ្នាំ អត្ថិភាពរបស់ក្រុមហ៊ុនគឺមិនដំណើរការល្អនោះទេ ដោយសារតម្រូវការធ្លាក់ចុះ និងអត្រាការប្រាក់ខ្ពស់កំពុងគម្រាមកំហែងដល់បញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។
នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុន ក្រុមហ៊ុនបានខាតបង់ចំនួន ៤៦៣.៦ លានដុល្លារ និងបានកត់ត្រាប្រាក់ចំណូលត្រឹមតែ ២០០ លានដុល្លារប៉ុណ្ណោះ។ ដើម្បីមានលុយសម្រាប់ប្រតិបត្តិការរយៈពេល ១២ ខែទៀត Fisker នឹងបញ្ឈប់បុគ្គលិក ១៥% ដើម្បីកាត់បន្ថយការចំណាយ ក៏ដូចជាកំពុងពិភាក្សាជាមួយអ្នកវិនិយោគអំពីលទ្ធភាពនៃការចាក់បញ្ចូលដើមទុនបន្ថែម ហើយភាគហ៊ុនរបស់ក្រុមហ៊ុននេះបច្ចុប្បន្នមានតម្លៃប្រហែល ០.៤១ ដុល្លារក្នុងមួយឯកតា។
ទោះជាយ៉ាងណា Fisker មិនទាន់បានបញ្ជាក់ព័ត៌មានច្បាស់លាស់អំពីរបាយការណ៍ហិរញ្ញវត្ថុសរុបសម្រាប់ឆ្នាំ ២០២៣ របស់ខ្លួននៅឡើយទេ ដោយសារវាត្រូវការពេលវេលាបន្ថែមទៀតដើម្បីបញ្ចប់។ នាយកប្រតិបត្តិ និងជាស្ថាបនិក លោក Henrik Fisker បាននិយាយថា “ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏លំបាកមួយសម្រាប់ក្រុមហ៊ុន នៅពេលដែលការពន្យារពេលផ្គត់ផ្គង់ និងបញ្ហាជាច្រើនទៀតរារាំងយើងមិនឱ្យផ្តល់យានជំនិះ Ocean ឱ្យបានលឿនតាមការរំពឹងទុក”។

ទោះជាយ៉ាងណាក៏ដោយចាប់ពីឆ្នាំនេះពួកគេបានផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ពួកគេហើយចាប់ផ្តើមចុះកិច្ចសន្យាជាមួយអន្តរការី ដោយបច្ចុប្បន្នក្រុមហ៊ុនមានភ្នាក់ងារចំនួន ១២ នៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ ដូច្នេះនាយកប្រតិបត្តិ និងជាស្ថាបនិក Henrik Fisker ក៏បានទទួលខុសត្រូវក្នុងការរចនារថយន្តស្ព័រល្បីៗជាច្រើនដូចជា Aston Martin DB9, V8 Vantage, Artega GT និង BMW Z8 ផងដែរ។ ហេតុនេះក្រុមហ៊ុន Fisker ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានព្យាករណ៍ថានៅឆ្នាំ ២០២៤ នេះនឹងមានការនាំចេញរថយន្តទៅបរទេសចំនួន ២០,០០០ គ្រឿង៕.jpg)










