បរទេស៖ កាលពីថ្មីៗនេះ នៅក្នុងកម្មវិធីពិព័រណ៍ Mobile Word (MWC) 2024 ក្រុមហ៊ុន Samsung បានដាក់បង្ហាញនូវចិញ្ចៀនឆ្លាតវៃ Galaxy Ring របស់ខ្លួនជាផ្លូវការ ក្រៅពីផលិតផលនេះក្រុមហ៊ុនក៏បានបញ្ចេញនូវផលិតផលពិសេសបំផុតមួយទៀតគឺទូរស័ព្ទកោង ដែលអាចបត់បាន និងពាក់នៅលើកដៃបាន។
គំនិតទូរស័ព្ទបត់តូចដែល Samsung បង្ហាញក្នុងពិព័រណ៍នេះមានឈ្មោះថា Cling Band ។ ឧបករណ៍នេះមានអេក្រង់ OLED ដែលអាចបត់បែនបាន និងអាចប្រើប្រាស់បានជាស្មាតហ្វូនធម្មតា ឬនាឡិកាឆ្លាតវៃនៅពេលពាក់នៅលើកដៃ ដោយអាស្រ័យលើគោលបំណងនៃការប្រើប្រាស់។
នៅក្នុងទម្រង់បញ្ឈរ ឧបករណ៍នេះមើលទៅដូចជាទូរស័ព្ទដៃផ្សេងទៀតនៅលើទីផ្សារ ជាមួយនឹងទម្រង់ស្តើង កាមេរ៉ាមុខពេញអេក្រង់ និងខាងក្រោយ។ ឧបករណ៍នេះក៏មានរន្ធ USB Type-C និងឧបករណ៍បំពងសម្លេងខាងក្រៅនៅខាងក្រោមផងដែរ។ រចនាសម្ព័នដែលមានចង្អូរតូចៗជាច្រើននៅចំកណ្តាលរាងកាយគាំទ្រការពត់កោងនៃអេក្រង់ដែលអាចបត់បែនបាន។
នៅពេលដែលពត់ នោះឧបករណ៍នេះមើលទៅដូចជាលំហ រីឯនៅផ្នែកខាងក្រោយ រួមជាមួយនឹងកាមេរ៉ា គឺជាប្រព័ន្ធសេនស័រវាស់ចង្វាក់បេះដូង ដែលបម្រើមុខងារសុខភាពនៅពេលពាក់នៅលើកដៃ បើទោះបីជាវាមើលទៅប្លែកប៉ុណ្ណាក៏ដោយ ក៏វាពិតជាមានភាពទាក់ទាញខ្លាំងណាស់នាបច្ចុប្បន្ននេះ។
ទោះជាយ៉ាងណា នេះគ្រាន់តែជាគំនិតថ្មីមួយដើម្បីណែនាំពីភាពបត់បែននៃអេក្រង់ OLED ដែលអាចបត់បែនបានពី Samsung Display ។ វាក៏មានគុណវិបត្តិចំពោះគំនិតនេះផងដែរ នៅពេលប្រើក្នុងរបៀបទូរស័ព្ទ ឧបករណ៍ចាប់សញ្ញាត្រួតពិនិត្យសុខភាពនឹងមិនដំណើរការទេ។ លើសពីនេះ ការពាក់វាពេលគេងក៏នឹងធ្វើឱ្យមានអារម្មណ៍មិនស្រួលផងដែរ។
ថ្វីត្បិតតែវាគ្រាន់តែជាគំនិតដើម្បីបង្ហាញពីបច្ចេកវិទ្យាក៏ដោយ ក៏វាមិនអាចប្រកែកបានថា បច្ចេកវិទ្យាអេក្រង់ OLED បានឈានដល់ជំហានថ្មីមួយ ដោយសម្រេចបាននូវគំនិតជាច្រើនដែលទើបតែបានលេចឡើងនៅក្នុងការស្រមើស្រមៃរបស់មនុស្សជាច្រើនឆ្នាំមុន៕










