បេក្ខនារី ម៉ាច ដាវី តំណាងក្រុងបានលុងបានក្លាយជាម្ចាស់មកុដ Miss Grand រតនៈគីរី ដែលនឹងត្រៀមខ្លួនចូលប្រកួតថ្នាក់ជាតិនាខែមិថុនា ខាងមុខ។ ការក្លាយជាម្ចាស់មកុដនេះបន្ទាប់ពីបេក្ខភាពរូបនេះផ្តល់ចម្លើយយ៉ាងអង់អាចក្លាហានពីមតិយោបល់ដែលថាកម្មវិធីប្រកួតសម្រស់កញ្ញាឯកគឺជាការបង្ហាញរូបរាងកាយដែលនាំឱ្យធ្លាក់ចុះនៃសីលធម៌ស្រ្តីខ្មែរ។ ចំណែកឯកញ្ញា ភឹម ស្រីនោ Miss Grand Cambodia2023 ជាអ្នកបំពាក់មកុដ។.png)
នៅរាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានរកឃើញម្ចាស់ជ័យលាភី Miss Grand រតនៈគីរីហើយគឺបានទៅលើកញ្ញា ម៉ាច ដាវី តំណាងក្រុងបានលុង ក្នុងចំណោមTOP6 នៃការប្រកួត។ ការក្លាយជាម្ចាស់មកុដនេះបន្ទាប់ពីកញ្ញាផ្តល់ចម្លើយប្រកបដោយភាពអង់អាចក្លាហាន ប្រកបដោយការត្រិះរិះពិចារណា។ ក្នុងវគ្គសំណួរចម្លើយ ម៉ាច ដាវី ទទួលបានសំណួរថា «មតិមួយចំនួនបាននិយាយថាការប្រកួតសម្រស់កញ្ញាឯកគឺជាការបង្ហាញរូបរាងកាយដែលនាំឱ្យធ្លាក់ចុះនៃសីលធម៌ស្រ្តីខ្មែរតើកញ្ញាមានយោបល់ចំពោះមតិមួយនេះ ហើយព្រោះអ្វី?» ។
ម៉ាច ដាវី បានផ្តល់ចម្លើយប្រកបដោយទំនុកចិត្តថា «មតិមួយចំនួនគ្រាន់តែជាការគិតរបស់បុគ្គលមួយចំនួនប៉ុណ្ណោះ ប៉ុន្តែបើយើងក្រលេកមើលសកម្មភាពជាក់ស្តែងរបស់កញ្ញាឯកកម្ពុជាសព្វថ្ងៃវិញតើពួកយើងកំពុងធ្វើឱ្យធ្លាក់ចុះសីលធម៌ វប្បធម៌ ប្រពៃណីជាតិ ឬយើងកំពុងលើកស្ទួយប្រទេសជាតិ។ ជាក់ស្តែងយោងតាមលទ្ធផលប៉ុន្មានឆ្នាំចុងក្រោយនេះសង្កេតឃើញថាកញ្ញាឯកកម្ពុជាគឺពិតជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការបង្ហាញពីប្រទេសកម្ពុជាទៅកាន់ពិភពលោកដោយឈរលើឆាកអន្តរជាតិប្រកបដោយមោទនភាព»។ ម៉ាច ដាវី បន្តថា «នាងជឿជាក់ថាអ្នកទាំងអស់គ្នាមិនគិតបែបនេះសូម្បីមួយភាគរយព្រោះថាអ្នកទាំងអស់គ្នាមានគោលដៅតែមួយគឺចង់បាននរណាម្នាក់មានសមត្ថភាពគ្រប់គ្រាន់ឈរនៅលើឆាកអន្តរជាតិ ហើយនាងក្លាហានហើយនាងហ៊ាននិយាយថាខ្លួនមានទាំងសមត្ថភាព មានទាំងចំណោះដឹងគ្រប់គ្រាន់ស័ក្តិសមក្នុងការគ្រងមកុដក្នុងរាត្រីនេះ រួមទាំងមកុដ Miss Grand Cambodia 2024»។
គួរកត់សម្គាល់ថា ការប្រកួតថ្នាក់ខេត្តរតនៈគីរី ត្រូវបានអ្នកគាំទ្រមួយចំនួនសរសើរថាធ្វើបានល្អដោយបានផ្តល់កិត្តិយសយ៉ាងសមរម្យទៅកាន់កញ្ញា ភឹម ស្រីនោ Miss Grand Cambodia 2023 ជាអ្នកបំពាក់មកុដទៅកាន់ ម៉ាច ដាវី។
គួរបញ្ជាក់ថា ការចូលរួមប្រកួតលើកនេះ ម៉ាច ដាវី មកទាំងព្រមតែម្តងទាំងសមត្ថភាព និងចំណេះដឹង។ ម៉ាច ដាវី មានកំពស់១,៧៦ ម៉ែត្រ ជាតារាម៉ូដែលនិងសំដែង អាចនិយាយរហូតដល់៤ភាសាគឺ ភាសាខ្មែរ អង់គ្លេស ថៃ និងចិន។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់មកុដMiss Grand រតនៈគីរី រូបនេះជាប់TOP10 ក្នុងកម្មវិធី Miss Universe 2020 ផងដែរ៕










