ប្រទេសវៀតណាម ៖ ការិយាល័យគយវៀតណាមបានរាយការណ៍ថា ការនាំចេញដំឡូងមីរបស់ប្រទេសវៀតណាម កាលពីខែមករា ឆ្នាំ២០២៤ បានកើនឡើងខ្ពស់បំផុតទាំងបរិមាណ និងតម្លៃ បើធៀបពីមួយខែទៅមួយខែ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស China Xinhua News កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។
យោងតាមរបាយការណ៍បញ្ជាក់ថា ការនាំចេញដំឡូងមីរបស់ប្រទេសវៀតណាម នៅខែមករា ឆ្នាំ២០២៤ មានបរិមាណកើនឡើងរហូតដល់៣៦៩,៦% ឯណោះ ។ ចំណែកតម្លៃវិញបានកើនឡើងរហូតដល់៣៤០,៨% បើធៀបពីមួយខែទៅមួយខែ ។
កាលពីខែមករា ឆ្នាំ២០២៤ ប្រទេសវៀតណាមបាននាំចេញដំឡូងមី ចំនួន៧៦.១១៨តោន និងទទួលបានប្រាក់ចំណូលចំនួន១៩,៩លានដុល្លារអាមេរិក ហើយចិន គឺជាប្រទេសនាំចូលដំឡូងមីរបស់វៀតណាមច្រើនជាងគេ ។
ប្រទេសវៀតណាមបាននាំចេញដំឡូងមី និងផលិតផលពាក់ព័ន្ធទៅកាន់ប្រទេសចិន ចំនួន៤០១.៩៤៥តោន ហើយវៀតណាមទទួលបានប្រាក់ចំណូលចំនួន១៨៣លានដុល្លារអាមេរិក ដែលមានបរិមាណកើនឡើង៤៨% និងតម្លៃកើនឡើង៣៨% បើធៀបពីមួយខែទៅមួយខែ ។
បច្ចុប្បន្ន ប្រទេសវៀតណាមបាននាំចេញដំឡូងមី ស្ថិតក្នុងចំណាត់ថ្នាក់ទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសថៃ ។ ហេតុនេះ វៀតណាមរំពឹងថា ការនាំចេញដំឡូងមីនេះ នឹងផ្តល់ប្រាក់ចំណូលដល់ប្រទេសវៀតណាម ចំនួន២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៨ និងប្រាក់ចំណូលចំនួន២ពាន់៥រយលានដុល្លារអាមេរិក នៅឆ្នាំ២០៥០ ៕










