ប្រទេសចិន ៖ ពិធីរៀបអាពាហ៍ពិពាហ៍មួយបានធ្វើឱ្យមហាជនស្រឡាំងកាំងយ៉ាងខ្លាំង ក្រោយពីម្ចាស់កម្មវិធីឱ្យភ្ញៀវមកចូលរួមពិធីអាពាហ៍ពិពាហ៍បរិភោគអាហារក្នុងទ្រុងជ្រូក ។ ម្ចាស់កម្មវិធីប្រាប់ថា ការបរិភោគអាហារក្នុងទ្រុងជ្រូកបែបនេះ ធ្វើឱ្យភ្ញៀវមានកន្លែងអង្គុយផ្ទាល់ខ្លួន ដោយសារមានរបាំងទ្រុងជ្រូក ហើយការរៀបចំនេះ ម្ចាស់កម្មវិធីបានគិតច្បាស់លាស់ហើយ ។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ គេហទំព័រឈ្មោះ NetEase ចុះផ្សាយថា ក្នុងអំឡុងពេលជិតពិធីបុណ្យចូលឆ្នាំចិន ក្រុមគ្រួសារជាច្រើនបានជ្រើសរើសពេលវេលាល្អសម្រាប់រៀបអាពាហ៍ពិពាហ៍កូនចៅ ឬហៅថា ជារដូវកាលអាពាហ៍ពិពាហ៍ បើទោះជានៅតំបន់ខ្លះ អាកាសធាតុមិនអំណោយផលក្តី ។ នៅខេត្តហឺណាន មានព្រិលធ្លាក់យ៉ាងខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ ប៉ុន្តែគេពុំបានលុបចោលពិធីអាពាហ៍ពិពាហ៍ទេ ខណៈភ្ញៀវមកចូលរួមវិញ ក៏តស៊ូខ្លាំងដែរ ។ ហេតុនេះ គេបានឃើញរូបភាពការអង្គុយបរិភោគអាហារនៅកណ្តាលព្រិល ។
ទោះយ៉ាងណា ពិធីរៀបអាពាហ៍ពិពាហ៍មួយក្នុងទីក្រុង Zhumadian ខេត្តហឺណាន ម្ចាស់កម្មវិធីមិនចង់ឱ្យពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេ ក៏ដូចជាបណ្តាភ្ញៀវត្រូវមកអង្គុយបរិភោគអាហារនៅកណ្តាលព្រិលទេ ព្រោះខ្លាចថា បើភ្ញៀវត្រូវព្រិលធ្លាក់លើ និងអង្គុយក្រោមខ្យល់ត្រជាក់រយៈពេលយូរ ភ្ញៀវអាចឈឺ ឬផ្តាសាយ ទើបម្ចាស់កម្មវិធីផ្លាស់ប្តូរទីកន្លែងពីកណ្តាលវាល មករៀបចំខាងក្នុងវិញ គឺទ្រុងជ្រូក ។
រូបភាពភ្ញៀវមកចូលរួមអាពាហ៍ពិពាហ៍អង្គុយបរិភោគអាហារក្នុងទ្រុងជ្រូក ត្រូវបានគេចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គមប្រទេសចិន ។ រូបភាពបង្ហាញថា មានភ្ញៀវជាច្រើននាក់នាំគ្នាអង្គុយបរិភោគអាហារក្នុងទ្រុងជ្រូក ហើយអង្គុយដាច់ៗពីគ្នា ខណៈម្ចាស់កម្មវិធីនិយាយថា ការរៀបចំបែបនេះមានចំណុចល្អ ដោយសារវាមានកន្លែងបរិភោគអាហារផ្ទាល់ខ្លួន និងមិនបាច់ខ្វល់ថា អ្នកដទៃរំខាន ។
លើសពីនេះ សាច់ញាតិរបស់ម្ចាស់កម្មវិធីនិយាយថា កាលពីមុន គ្រួសារនេះធ្លាប់ចិញ្ចឹមជ្រូក ប៉ុន្តែបច្ចុប្បន្ន ឈប់ចិញ្ចឹមហើយ ហើយទ្រុងជ្រូកនេះពុំបានប្រើប្រាស់យូរហើយ មានន័យថា គ្មានជ្រូកនៅទីនេះទៀតទេ ។ ម្យ៉ាងទៀត ពួកគេបានសម្អាតទ្រុងជ្រូកជាប្រចាំ គ្មានភាពកខ្វក់ និងគ្មានក្លិនស្អុយ ។ នេះហើយជាហេតុផលធ្វើឱ្យពួកគេសម្រេចចិត្តយកទ្រុងជ្រូក ធ្វើជាកន្លែងបរិភោគអាហាររបស់ភ្ញៀវ ។
បើទោះជារូបភាពទាំងនេះមិនសូវទាក់ទាញភ្នែកក្តី ប៉ុន្តែភ្ញៀវមកចូលរួមជាច្រើននិយាយថា ពួកគេមានអារម្មណ៍ល្អ ព្រោះម្ហូបអាហារនៅទីនេះមានអនាម័យ និងប្រកបដោយបរិយាកាសកក់ក្តៅ ។ ក្រោយពីរឿងរ៉ាវនេះបានបង្ហោះក្នុងបណ្តាញសង្គមធ្វើឱ្យមនុស្សម្នាចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំគ្នាចូលបញ្ចេញមតិខុសៗគ្នា ក្នុងនោះអ្នកខ្លះភ្ញាក់ផ្អើល និងអស់សំណើចជាមួយទ្រុងជ្រូក ។
ប៉ុន្តែមនុស្សខ្លះទៀតមិនទទួលយកទេ ព្រោះយល់ថា បរិយាកាសបែបនេះមិនសមរម្យយ៉ាងខ្លាំងសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ និងមិនផ្តល់កិត្តិយសដល់ភ្ញៀវ ។ ប៉ុន្តែអ្នកខ្លះទៀតសរសើរពីការដោះស្រាយស្ថានការណ៍នៅចំពោះមុខ ព្រមទាំងប្រាប់ថា បើម្ចាស់កម្មវិធី និងភ្ញៀវពេញចិត្តបែបនេះ វាគ្រប់គ្រាន់ហើយ ៕










