ប្រទេសចិន៖ ភ្ញៀវអន្តរជាតិមានឆន្ទៈក្នុងការមកទស្សនា និងចំណាយប្រាក់រាប់រយដុល្លារក្នុងមួយថ្ងៃលើជើងហោះហើរ និងអាហារនៅក្នុងប្រទេសចិន នៅពេលដែលត្រូវបានលើកលែងទិដ្ឋាការ។
យោងតាមភ្ញៀវទេសចរអន្តរជាតិម្នាក់ឈ្មោះ Marc Guyon បានមកដល់ប្រទេសចិននៅថ្ងៃដំបូងដែលប្រទេសនេះបានលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋបារាំងនៅថ្ងៃទី១ ខែធ្នូឆ្នាំ២០២៣ ដោយសន្សំបាន ១៩២ ដុល្លារក្នុងថ្លៃទិដ្ឋាការ។ ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុងសៀងហៃ និងប៉េកាំង ភ្ញៀវទេសចរប្រុសម្នាក់នេះបានចំណាយប្រាក់ត្រឹមតែ ១,៣០០ ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងរយៈ ៧ ថ្ងៃ។
លោក Guyon បាននិយាយថា “ខ្ញុំគិតថាគោលនយោបាយលើកលែងទិដ្ឋាការរបស់ប្រទេសចិន គឺជាចំណុចពិសេសបំផុតមួយដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាប្រទេសនេះដោយមិនសូវចំណាយប្រាក់ច្រើននោះទេ”។ Deirdre Fulton ដែលជាដៃគូនៅក្រុមហ៊ុនប្រឹក្សាអាកាសចរណ៍ Midas Aviation មានមូលដ្ឋាននៅចក្រភពអង់គ្លេស ក៏បាននិយាយដែរថា ការផ្លាស់ប្តូរថ្មីនេះបង្ហាញពី “គំនិតបើកចំហបន្ថែមទៀតពីរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់ការមកដល់អន្តរជាតិ”។
ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ប្រទេសចិនបានចាប់ផ្តើមអនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសចំនួន ៦ រួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងម៉ាឡេស៊ី ចូលនិងស្នាក់នៅរយៈពេល ១៥ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ។ បន្ទាប់មកប្រទេសអៀរឡង់ សិង្ហបុរី និងថៃ ក៏បានចូលរួមក្នុងបញ្ជីលើកលែងទិដ្ឋាការរបស់ចិនផងដែរ។ ជាទូទៅ ប្រទេសជាច្រើនជុំវិញពិភពលោកតែងតែទាមទារទិដ្ឋាការ ដើម្បីគ្រប់គ្រងលំហូរភ្ញៀវទេសចរ ទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងគ្រប់គ្រងជនបរទេស។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគរំពឹងថា ប្រទេសចិននឹងបន្តបន្ធូរបន្ថយគោលនយោបាយបន្ថែមទៀត ដូចជាការលើកលែងទិដ្ឋាការសម្រាប់ប្រទេសជាច្រើន។
អ្នកទេសចរមកពីប្រទេសដែលត្រូវបានលើកលែងទិដ្ឋាការដោយប្រទេសចិននិយាយថាពួកគេសន្សំសំចៃពេលវេលាដោយមិនចាំបាច់ប្រកាសព័ត៌មាននៅអាកាសយានដ្ឋានឬសណ្ឋាគារនោះទេ។ ដូច្នេះហើយ គិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ចំនួនសរុបនៃការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសចិនមានរហូតដល់ ១៤៧,០០០ នាក់ដោយពលរដ្ឋនៃប្រទេសចំនួន ៦។ រីឯការដាក់ពាក្យសុំទិដ្ឋាការក៏មានលក្ខណៈសាមញ្ញសម្រាប់ប្រទេសជាច្រើនទៀតផងដែរ៕










