ប្រទេសចិន ៖ វេជ្ជបណ្ឌិតម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឮអ្នកជំងឺម្នាក់ប្រាប់ថា នាងបានស៊ី..ស..ព..ទា..រ..ក អាយុ២ខែ ដោយនាងបានយកគាវមកខ្ចប់..សា..ច់..ស..ព ហើយស៊ីរយៈពេល៧ថ្ងៃជាប់ៗគ្នា ព្រោះជឿថា នាងនឹងមានផ្ទៃពោះតាមបំណងប្រាថ្នា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ហេតុការណ៍ដ៏រន្ធត់នេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅប្រទេសចិន ក្រោយពីនារីម្នាក់សារភាពថា នាងបានស៊ីសពទារក អាយុ២ខែ ដែលគេរំលូតចោល ដោយនាងស៊ីសពនេះជាមួយគាវ ។ នាងជឿថា ការស៊ីសពទារកនឹងធ្វើឱ្យនាងមានផ្ទៃពោះដូចបំណងប្រាថ្នា ហើយទេវតាបានប្រាប់រឿងនេះដល់នាង ។
វេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្ត្រី ឈ្មោះ Dou ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានស្តាប់ការសារភាពរបស់អ្នកជំងឺថា នាងបានស៊ីសពទារកដែលគេរំលូតចោល ព្រោះជឿថា ការស៊ីសពទារកក្នុងផ្ទៃ ដែលមានអាយុប្រមាណ២ខែ នាងនឹងអាចមានកូនបាន ។ ហេតុនេះ នាងបានស៊ីសពទារក ចំនួន៣ដុំក្នុង១ថ្ងៃ ហើយស៊ីរយៈពេល៧ថ្ងៃជាប់ៗគ្នា ។
មុនដំបូង វេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្ត្រី ឈ្មោះ Dou មិនជឿទេ ប៉ុន្តែគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលអ្នកជំងឺនិយាយបែបនេះ ។ វេជ្ជបណ្ឌិតសួរថា តើអ្នកណាប្រាប់គំនិតនេះទៅនាង? ហើយគាត់សួរទៀតថា តើនាងអាចលេបសពទារកចូលក្នុងមាត់យ៉ាងដូចម្តេច?
អ្នកជំងឺឆ្លើយថា នាងបានប្រើប្រាស់ម៉ាស៊ីនកិនសាច់ដើម្បីកិនសាច់ទារកឱ្យហ្មត់ ហើយនាងស៊ីសពទារកអស់៣នាក់ហើយ ។ ចំណែកមូលហេតុដែលនាងសារភាពប្រាប់គ្រូពេទ្យនោះ ដោយសារនាងមានអារម្មណ៍ថា ក្តៅខ្លួនខុសធម្មតា ។ បើតាមលទ្ធផលត្រួតពិនិត្យរាងកាយអ្នកជំងឺជំហានដំបូង ធ្វើឱ្យគ្រូពេទ្យសន្និដ្ឋានថា នាងបានឆ្លងមេរោគពីសាកសព ។
វេជ្ជបណ្ឌិត Dou មានបទពិសោធន៍ផ្នែកសម្ភព និងរោគស្ត្រីជាច្រើនឆ្នាំ និយាយថា បើទោះជាគាត់ធ្លាប់ជួបជាមួយអ្នកជំងឺប្លែកៗជាច្រើនករណីនាពេលកន្លងមក ប៉ុន្តែនេះជាលើកដំបូងហើយ ដែលគាត់បានជួបអ្នកជំងឺជឿអ្វីប្លែកៗបែបនេះ ។
ក្រៅពីនេះ វេជ្ជបណ្ឌិត Dou ក៏បានដាស់តឿនស្ត្រីខាងលើ អំពីផលប៉ះពាល់សុខភាពដែលអាចកើតឡើង និងការឆ្លងមេរោគពីសាកសព ។ ចុងក្រោយ គាត់បានណែនាំឱ្យនាងផ្តល់ភាពសំខាន់លើវិទ្យាសាស្ត្រច្រើនជាងជឿលើអបិយជំនឿ ៕










