នៅលើបណ្តាញសង្គមរបស់ influencers ល្បីៗជាច្រើនរូបបានរួបរួមគ្នាផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅខេត្តសៀមរាបដែលជាយុទ្ធនាការជំរុញកំណើនទេសចរណ៍ក្នុងស្រុក។ ទោះយ៉ាងណា ដោយសារតែជា influencers ល្បីឈ្មោះនិងចូលចិត្តធ្វើដំណើរកម្សាន្តតាមតំបន់ជាច្រើន Rich Kh គោប្រាក់ មិនបានចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងស្រុកលើកនេះទេជាហេតុត្រូវរងនូវពាក្យសម្តីថា «មិនស្រលាញ់ជាតិគិតតែពីលុយ»។
នៅថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៤ នេះនៅលើបណ្តាញសង្គមរបស់លោក Rich Kh គោប្រាក់ ដែលជាអ្នកបង្កើតមាតិកាផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តទាំងក្នុងនិងក្រៅប្រទេសបានបង្ហោះខ្លឹមសារដោយអារម្មណ៍អន់ចិត្ត។ លោកបានរៀបរាប់យ៉ាងដូច្នេះថា«អាសូរកូនក្មេងម្នាក់នេះណាស់(សម្តៅដល់លោកផ្ទាល់) ២៥ខេត្តក្រុង+ផ្សារ ប្រាសាទដែលបាត់បង់ បើសៀមរាបវិញវីដេអូស្ទើរគ្រប់ស្រុក ធ្លាយដល់សមុទ្រសៀមរាប គ្រាន់តែកម្មវិធីជាតិមិនបានចូលរួមម្តងគេដៀលថា “មិនស្រលាញ់ជាតិគិតតែពីលុយ”»។
«ឱព្រះទេវតាមានភ្នែកអើយ ខ្ញុំ Rich KH អ្នកស្រលាញ់ប្រវត្តិសាស្ត្រជុំវិញពិភពលោក ស្រលាញ់បុណ្យបាប ខុសអី ហើយបងប្អូនដែលធ្វើវីដេអូក្នុងស្រុកតាំងពីជំនាន់មុនៗ ចង់ស្គាល់ប្រវត្តិស្រុកគេខ្លះតើខុសអី?
មុននឹងវាយតម្លៃគេ សូមយកកៅអីចេញពីតុមុខកាមេរ៉ា ហើយឈានជើងដើរជុំវិញខេត្តក្រុងខ្មែរឱ្យបានសព្វសិន គេមានតម្លៃស្រលាញ់ជាតិតាមបែបផែនរបស់គេ ជីវិតគេ កម្រិតជីវភាពរបស់គេដែរ»។ នេះជាការបន្ថែមរបស់ Rich KH ។
លោករៀបរាប់ទៀតថា «កុំដាក់កាលវិភាគលើជីវិតខ្ញុំ ខ្ញុំមានខែថ្ងៃកាលវិភាគក្នុងស្រុកនិងក្រៅស្រុករបស់ខ្ញុំ ដើម្បីទប់ចំណាយក្មេងៗរៀននិងស្នាក់នៅកន្លែងខ្ញុំឥតគិតថ្លៃ ខ្ញុំមិនទំលាប់យកមេក្រូហ្វូនស្រែកថាឱ្យគេម្តងដើម្បីលើកខ្លួនឯងទេ។ ខ្ញុំពិតជាអន់ចិត្តខ្លាំងណាស់ ធ្វើម្តងស្រែកថាឈ្នះ បងប្អូនអ្នកធ្វើវីដេអូជាច្រើនរាប់ភ្លេច បែរជាមើលមិនឃើញហើយ ស្តីថាឱ្យទៀត អស់កម្លាំងហើយអ្នកខំពិត»។
បន្ទាប់ពី Rich KH បង្ហាញអារម្មណ៍អន់ចិត្តរបស់ខ្លួនធ្វើអំពើល្អច្រើន មិនបានធ្វើម្តងត្រូវគេមើលរំលងនិងចោទថាមិនស្រលាញ់ជាតិ ស្រលាញ់តែលុយអ្នកគាំទ្រជាច្រើនសុទ្ធតែបបង្ហាញអារម្មណ៍របស់ខ្លួនឱ្យ Rich KH កុំខ្វល់ពីពាក្យសម្តីអស់ទាំងអស់ហើយឈរលើគោលការណ៍របស់ខ្លួនដែលបានកំណត់៕










