ប្រទេសឥណ្ឌា ៖ នារីឥណ្ឌាម្នាក់បានខឹងសម្បារយ៉ាងខ្លាំងនៅពេលដឹងថា ម្តាយក្មេកចូលចិត្តលួចប្រើប្រាស់គ្រឿងសម្អាងរបស់នាង ។ លើសពីនេះ ប្តីរបស់នាងបានកាន់ជើងម្តាយរបស់ខ្លួនទៀតផង ហើយតែងរករឿងឈ្លោះប្រកែកជាមួយនាង ដោយពុំព្រមស្តាប់ហេតុផលអ្វីទាំងអស់ ។ ហេតុនេះ នាងបានសម្រេចចិត្តថា សុំលែងលះគ្នាជាមួយប្តី ដោយសារមិនអាចរស់នៅជាមួយគ្រួសារខាងប្តីបន្តទៀតបាន ។

នារីភាគច្រើនចាត់ទុកថា គ្រឿងសម្អាង គឺជាសម្បត្តិដ៏មានតម្លៃ និងជារបស់ប្រើប្រាស់ផ្ទាល់ខ្លួន ។ ពួកនាងស្រឡាញ់ និងហួងហែងគ្រឿងសម្អាងយ៉ាងខ្លាំង ដូចគ្នានឹងនារីឥណ្ឌាម្នាក់នេះដែរ នាងសុខចិត្តលែងលះជាមួយប្តី ដោយសារតែមូលហេតុគ្រឿងសម្អាង ។

ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Agra រដ្ឋ Uttar Pradesh ក្រោយពីប្តី-ប្រពន្ធនេះបានរៀបការ និងរួមរស់ជាមួយគ្នាអស់រយៈពេល៨ខែ ។ រីឯប្អូនស្រីរបស់នាង ក៏បានរៀបការជាមួយបងប្អូនរបស់ស្វាមីនាងដូចគ្នាដែរ ហើយពួកនាងបានមករស់នៅផ្ទះខាងប្តីជាមួយគ្នា ។

ជីវិតគូរបស់ពួកនាងបានរស់នៅប្រកបដោយសុភមង្គល រហូតដល់ថ្ងៃមួយ នាងដឹងថា ម្តាយក្មេកបានលួចប្រើប្រាស់គ្រឿងសម្អាងរបស់នាងជាប្រចាំ ដោយគ្មានការអនុញ្ញាត ។ ក្រោយពីដឹងថា ម្តាយក្មេកធ្វើបែបនេះ នាងស្ទើរតែមិនយកគ្រឿងសម្អាងទាំងនេះមកប្រើប្រាស់ទៀតឡើយ ។

ក្រោយមក នាងក៏បានដាស់តឿន និងប្រាប់ម្តាយក្មេក កុំឱ្យប្រើប្រាស់គ្រឿងសម្អាងបន្តទៀត ប៉ុន្តែគាត់មិនស្តាប់ទេ ថែមទាំងប្រើពាក្យសម្តីខ្លាំងៗដាក់នាងទៀតផង ។ បន្ទាប់មក ម្តាយក្មេកក៏យករឿងនេះទៅប្រាប់កូនប្រុសរបស់ខ្លួន ហើយប្តីនាងក៏ចាប់ផ្តើមឈ្លោះជាមួយនាង ។ វាបានធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើង រហូតដល់នាង និងប្អូនស្រី ត្រូវបានបណ្តេញចេញពីផ្ទះ ។

ចាប់តាំងពីថ្ងៃនោះមក នាង និងប្អូនស្រី បាននាំគ្នាមករស់នៅជាមួយម្តាយបង្កើតវិញ ហើយនាងក៏បានយករឿងនេះទៅពិភាក្សាជាមួយមជ្ឈមណ្ឌលផ្តល់ប្រឹក្សាបញ្ហាជីវិតគ្រួសារ ដើម្បីសុំលែងលះជាមួយប្តី ។ នាងយល់ឃើញថា វាមិនមែនជាការលួចប្រើប្រាស់គ្រឿងសម្អាងតែម្យ៉ាងទេ ប៉ុន្តែមានអំពើហិង្សាក្នុងគ្រួសារផងដែរ ។ ម្យ៉ាងទៀត ប្តីរបស់នាងតែងនិយាយពាក្យគំរោះគំរើយ និងស្តាប់សម្តីម្តាយរបស់ខ្លួនតែប៉ុណ្ណោះ ៕