នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមគ្រួសារបើករថយន្ត Jeep ដែលបានបុកមនុស្សស្លាប់រួចបើករត់ បានយល់ព្រមសងសំណងរដ្ឋប្បវេណីចំនួន ៩៥០០០ដុល្លារ ទៅគ្រួសារជនរងគ្រោះ។
ដំណោះស្រាយដែលភាគីទាំង២បានទទួលយក ដោយគ្មានការបង្ខិតបង្ខំនេះ បានធ្វើឡើងក្រោមការសម្របសម្រួលយ៉ាងប៉ិនប្រសប់របស់លោកទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងសហការីរបស់លោក។ តាមរយៈសំណងរដ្ឋប្បវេណីនេះ ភាគីក្រុមគ្រួសាររងគ្រោះវិញ ក៏បានយល់ព្រមដកពាក្យបណ្តឹងនៅស្ថាប័នតុលាការ ហើយភាគីទាំង២នាក់ បានឯកភាពគ្នាមិនប្តឹងផ្តល់ ហើយមិនឆ្លើយឆ្លងនៅតាមបណ្តាញសង្គមតទៅទៀត។
យោងតាមកិច្ចព្រមព្រៀងជាសះលើសំណងរដ្ឋប្បវេណីរវាងភាគីទាំង២ បានបញ្ជាក់ថា៖” ភាគីទាំង២ បានព្រមព្រៀងយល់ព្រមប្រគល់ និងទទួលសំណងរដ្ឋប្នវេណី ចំនួន៩៥០០០ដុល្លារ ដោយពុំមានការបង្ខិតបង្ខំ និងមានឆន្ទះបញ្ចប់សំណុំរឿងព្រហ្មទណ្ឌ។ នៅក្នុងនោះ ភាគីទាំង២បានសន្យាជាមួយគ្នាថា បញ្ឈប់ការឆ្លើយឆ្លងតាមបណ្តាញសង្គម ឬធ្វើសកម្មភាពណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររវាងភាគីទាំង២ និងមិនបង្កជាបញ្ហាវិវាទណាមួយដែលនឹងអាចកើតមានឡើងទាក់ទង នឹងសំណុំរឿងនេះបន្តទៀត”។
នៅក្នុងលិខិតដកពាក្យបណ្តឹងដែលដាក់ជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖” ដោយសារតែជនរងគ្រោះទទួលបានប្រាក់សំណងរួចរាល់ ហេតុដូចនេះ យើងខ្ញុំស្នើសុំដកពាក្យបណ្តឹងបានដាក់នៅដំណាក់កាលមន្ត្រី នគរបាលយុត្តិធម៌ និងនៅចំពោះមុខចៅក្រមស៊ើបសួរវិញ និងមិនបន្តប្តឹងផ្តល់ភាគីជនត្រូវចោទទៀតនោះទេ”។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕











