ជារឿងគួរឱ្យរំភើបសម្រាប់ទឹកចិត្តពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាម៉េរិកដោយបានបង្ហាញទំហំក្តីស្រលាញ់និងជួយគាំទ្រសិល្បករកម្ពុជាមានដូចជា វណ្ណដា វណ្ណថាន និង កៅ សុហ្វៀ ដែលត្រៀមទៅសម្តែងលើទឹកដីសហរដ្ឋអាម៉េរិកនាពេលខាងមុខ។ ទឹកចិត្តនិងការស្រលាញ់នេះបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំងដែលឃើញបងប្អូនខ្មែរនៅទីនោះបិទផ្ទាំងផ្សព្វផ្សាយការសម្តែងរបស់អ្នកទាំងបីជាច្រើនកន្លែង។ គេចាំបានថាកាលពីខែតុលា ឆ្នាំ២០២៣ តារារ៉េប ម៉ាន់ វណ្ណដា បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងដែលលោកមានឱកាសសម្តែងលើទឹកដីសហរដ្ឋអាម៉េរិកជាលើកដំបូងដើម្បីជួបអ្នកគាំទ្រខ្មែរដែលរស់នៅទីនោះ។ មិនត្រឹមតែមានវត្តមានរបស់សិល្បករខ្មែរតែ វណ្ណដា ប៉ុណ្ណោះទេ តែមានសិល្បករពីររូបទៀតគឺកញ្ញា កៅ សុហ្វៀ រួមជាមួយលោក វណ្ណថាន ក៏នឹងមានវត្តមានដូចគ្នា ជាហេតុធ្វើឱ្យហ្វេនៗរំភើបចិត្តជាខ្លាំង។ ក្នុងនោះលោក វណ្ណថាន បានបង្ហាញអារម្មណ៍ចិត្តយ៉ាងខ្លាំងដូចគ្នាព្រោះក្តីស្រមៃដ៏ធំមួយទៀតបានសម្រេចនិង ជាកិត្តិយសណាស់ដែលលោកមានឱកាសចេញទៅសម្តែងតំណាងឱ្យតន្ត្រី និងវប្បធម៌ ខ្មែរនៅក្រៅប្រទេស។
អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រក្នុងស្រុកកាន់តែរំភើបចិត្តនោះ នាពេលថ្មីៗនេះពលរដ្ឋខ្មែរដែលរស់នៅទីនោះបានចាប់ផ្តើមចូលរួមផ្សព្វផ្សាយពីការចូលរួមរបស់ វណ្ណដា វណ្ណថាន និង កៅ សុហ្វៀ ក្នុងការប្រគំតន្រ្តី Sabaidee Fest ។ ពលរដ្ឋនៅទីនោះបានបិទផ្ទាំងរូបភាពអ្នកទាំង៣យ៉ាងគគ្រឹងគគ្រេងមិនថានៅតាមផ្ទះ ផ្សារ រមណីយដ្ឋាន រួមទាំងទីតាំងជាច្រើនកន្លែងទៀត។ ទំហំនៃក្តីស្រលាញ់របស់ពលរដ្ឋខ្មែរឬជនបរទេសរស់នៅទឹកដីអាម៉េរិកពិតជាគួរឱ្យសរសើរណាស់ដែលជួយគាំទ្រស្រលាញ់សិល្បករកម្ពុជាដូចនេះពិតជារកពាក្យអ្វីមកបរិយាយមិនបាន។
គួរបញ្ជាក់ថា ការប្រគំតន្រ្ដី Sabaidee Fest នឹងធ្វើឡើងនៅឯទីក្រុង Chino, Southern California នាថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ Sabaidee Fest គឺជាមហោស្រពតន្ត្រី និងវប្បធម៌អាស៊ីអាគ្នេយ៍ (SEA) ប្រចាំឆ្នាំដំបូង និងធំជាងគេនៅសហរដ្ឋអាម៉េរិកដែលមានការលក់សំបុត្រដើម្បីចូលរួមទស្សនាចាប់ពី៤៩ដុល្លារដល់៦៧៩ដុល្លារ៕