បរទេស៖ ជប៉ុនបានបាត់បង់តំណែងជាផ្លូវការហើយក្នុងការនាំចេញរថយន្តធំជាងគេលើពិភពលោក បន្ទាប់ពីខ្លួនបានគ្រងតំណែងនេះជិតមួយទសវត្សរ៍ ក្នុងនាមជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោកគឺនៅឆ្នាំ ២០១៦ ដោយវ៉ាដាច់ប្រទេសអាល្លឺម៉ង់។ ទោះជាយ៉ាងណា ថ្មីៗនេះប្រទេសចិនបានវ៉ាដាច់ប្រទេសជប៉ុនជាអ្នកនាំចេញរថយន្តធំជាងគេលើពិភពលោកជាលើកដំបូងកាលពីឆ្នាំ ២០២៣ ដោយសារការលក់រថយន្តអគ្គិសនីខ្លាំងនៅបរទេស។
យោងតាម Nikkei Asia បានឱ្យដឹងថា ប្រទេសជប៉ុនបាននាំចេញរថយន្តចំនួន ៤.៤២ លានគ្រឿងក្នុងឆ្នាំ ២០២៣ កើនឡើង ១៦% ធៀបនឹងឆ្នាំមុន។ ខណៈដែលប្រទេសចិនបាននាំចេញរថយន្តចំនួន ៤.៩១ លានគ្រឿងកាលពីឆ្នាំមុន កើនឡើង ៥៨% ធៀបនឹងឆ្នាំ ២០២២។ ដូច្នេះហើយ ជាលទ្ធផល ប្រទេសជប៉ុនបានបាត់បង់តំណែងរបស់ខ្លួនក្នុងនាមជាអ្នកនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោកជាផ្លូវការហើយ បន្ទាប់ពីខ្លួនបានគ្រងតំណែងនេះអស់រយៈពេល ៧ ឆ្នាំកន្លងមក។
មូលហេតុដែលប្រទេសចិនបានកាន់កាប់តំណែងដ៏កំពូលនេះ គឺដោយសារកត្តាជំរុញដ៏ធំសម្រាប់ការនាំចេញរថយន្តរបស់ចិនក្នុងទីផ្សាររុស្ស៊ី ដែលក្រុមហ៊ុនផលិតរថយន្តជប៉ុន និងលោកខាងលិចបានដកខ្លួនចេញ ចំពេលមានជម្លោះអ៊ុយក្រែន។ កត្តាជំរុញដ៏សំខាន់មួយទៀតគឺការកើនឡើង ៨០% នៃការនាំចេញរថយន្តថាមពលថ្មីរបស់ប្រទេសចិន រួមទាំងរថយន្តអគ្គិសនីផងដែរ។ នៅក្នុងត្រីមាសទី ៤ ឆ្នាំ២០២៣ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសចិន BYD ក៏បានវ៉ាដាច់ក្រុមហ៊ុន Tesla ក្នុងការលក់រថយន្តអគ្គិសនីទូទាំងពិភពលោកជាលើកដំបូងផងដែរ។
ហេតុនេះហើយ បច្ចុប្បន្នទីក្រុងប៉េកាំងកំពុងសម្លឹងរកការទាញយកប្រយោជន៍ពីការផ្លាស់ប្តូរជាសាកលទៅកាន់រថយន្តអគ្គិសនី ដើម្បីដាក់ប្រទេសចិនជាមហាអំណាចឧស្សាហកម្ម។ ដោយមន្ត្រីរដ្ឋាភិបាលរំពឹងថា ប្រទេសចិននឹងលក់រថយន្តសរុបចំនួន ១២ លានគ្រឿងនៅក្រៅប្រទេសនៅឆ្នាំ ២០៣០ ដែលក្នុងនោះមាន ៦ លានគ្រឿងនាំចេញពីប្រទេសចិន និង ៦ លានគ្រឿងទៀតផលិតនៅបរទេស។
ទីតាំងឈានមុខគេរបស់ប្រទេសក្នុងការនាំចេញរថយន្តត្រូវបានគេមើលឃើញថាគ្រាន់តែជាជំហានមួយនៅលើផ្លូវនេះ ដោយសារតែក្រុមហ៊ុនផលិតរថយន្តអាចនឹងផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅកាន់ការផលិតនៅក្រៅប្រទេសនាពេលអនាគត៕










