នៅក្នុងប្រទេសកម្ពុជា ការជក់បារីនៅទីសាធារណៈ គឺជាអំពើខុសច្បាប់ ដែលអ្នកប្រព្រឹត្តខុសនឹងមិនប្រឈមមុខនឹងការដាក់ទោសអ្វីធ្ងន់ធ្ងរនោះទេ ដោយត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ។

អនុក្រឹត្យស្តីពី “វិធានការហាមការជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ” ត្រូវបានដាក់ចូលជាធរមានតាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦មកម្ល៉េះ ដើម្បីការពារសុខុមាលភាពរបស់ប្រជាជន និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់នៅកម្ពុជា។

អនុក្រឹត្យនេះនឹងធ្វើការផាកពិន័យចន្លោះពី២០.០០០(២ម៉ឺន)រៀល ដល់៥០.០០០(៥ម៉ឺន)រៀល ចំពោះជនទាំងឡាយណាដែលជក់បារី ឬផលិតផលថ្នាំជក់នៅទីសាធារណៈ និងម្ចាស់កន្លែងសាធារណៈណា ដែលមិនបានរៀបចំដាក់ស្លាកហាមប្រាមការជក់បារី។

កន្លែងសាធារណៈនេះសំដៅដល់ភោជនីយដ្ឋាន កន្លែងធ្វើការ គ្រឹះស្ថានសាធារណៈ មន្ទីរពេទ្យ សាលារៀន និងសួនច្បារសាធារណៈជាដើម៕