សំ លីដា ម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «កុំបំភ្លេចគុណគ្រូ» ដែលជាបទចម្រៀងមួយបទពោរពេញដោយអត្ថន័យនិងកំពុងឆាបឆក់បេះដូងទស្សនិក ជាមួយនឹងទឹមដមសំឡេងដ៏ពីរោះរណ្តំរបស់ម្ចាស់ពានវ័យក្មេងរូបនេះ។ លើសពីនេះទស្សនិកជនក៏បានពោលសរសើរទៅដល់ទឹកដៃអ្នកនិពន្ធនិងលើកទឹកចិត្តឱ្យផលិតបទចម្រៀងប្រភេទនេះឱ្យបានកាន់តែច្រើនព្រោះមានប្រយោជន៍ដល់សង្គម។
គេចាំបានថាកាលពីដើមខែធ្នូ ឆ្នាំ២០២៣ តារាចម្រៀងវ័យក្មេង សំ លីដា បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបង្ហើរសំឡេងក្នុងបទចម្រៀងមានចំណងជើងថា «ម្តេចយកប្រពន្ធចោលអូន» ដែលជាសំនៀងដើមរបស់កញ្ញា អ៊ីវ៉ា រហូតដល់ម្ចាស់បទចែករំលែកនៅលើបណ្តាញសង្គមរបស់ខ្លួន និងបានកោតសរសើរទឹកដមក្រអួនក្រអៅរបស់ សំ លីដា ដូចគ្នា។
ជាមួយគ្នានេះដែរ ម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ រូបនេះបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មីបន្ទាប់ពីផលិតកម្មរស្មីហង្សមាសបានទម្លាក់បទថ្មីរបស់ សំ លីដា កាលពីយប់ថ្ងៃទី២៥ មករា មានចំណងជើងថា «កុំបំភ្លេចគុណគ្រូ» ដែលត្រូវនឹងសំឡេងនាងយ៉ាងខ្លាំង ដែលជាការនិពន្ធទំនុកច្រៀង និង ទំនុកភ្លេងដោយ លោក THO MEET។
ទឹកដមសំឡេងដ៏ពីរោះរណ្តំរបស់ សំ លីដា និងបទចម្រៀងដែលពោរពេញដោយអត្ថន័យពីគុណបំណាច់របស់គ្រូបង្រៀនទៀតកាន់តែធ្វើឱ្យទស្សនិកជនពេញចិត្តយ៉ាងខ្លាំងទៅលើបទចម្រៀងនេះ។
អត្ថន័យបទនេះបានលើកឡើងពីទឹកចិត្តគ្រូបង្រៀនដែលជាឪពុកម្តាយទីពីររបស់យើងទោះបីជាសិស្សខុសយ៉ាងណាប៉ុន្តែគ្រូនៅតែមានក្តីសន្តោស និងកុំឱ្យយើងបំភ្លេចគុណគ្រូ ហើយនៅពេលឃើញសិស្សល្អ គ្រូមិនដែលទាមទារអ្វីពីសិស្សនោះទេ។ បទចម្រៀងនេះក៏បានដាស់ស្មារតីដែរថានៅពេលជួបគ្រូទោះមិនមានអ្វីត្រឹមលើកដៃសំពះជម្រាបសួរក៏គ្រូសប្បាយចិត្តហើយ។
«កុំបំភ្លេចគុណគ្រូ» ពីតារាចម្រៀងវ័យក្មេង សំ លីដា និពន្ធដោយលោក THO MEET ត្រូវបានទស្សនិកជនលើកសរសើរថា «បទចម្រៀងល្អ មានប្រយោជន៍ដល់សង្គម សុំលើកទឹកចិត្តឱ្យផលិតបទចឹងៗទៀត ,បទចម្រៀងមានអត្ថន័យល្អហើយអ្នកច្រៀងរឹតតែពីរោះថែមទៀត អរគុណដល់អ្នកនិពន្ធដែលបាននិពន្ធបទចម្រៀងអប់រំ , ចម្រៀងចាក់ដោតសិស្សខ្លះជួបគ្រូសឹងតែដើរបុក, ពីរោះ មានន័យខ្លាំងណាស់, ស្រលាញ់សម្លេងមួយនេះណាស់»៕










