ឡានក្រុងអគ្គីសនី ឬ រថភ្លើងរត់ដោយគ្មានខ្សែដែក គឺជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរទំនើបដំបូងបង្អស់ដែលមានដើមកំណើតនៅទីក្រុង Zhuzhou ប្រទេសចិន។
ក្រុមហ៊ុនដ៏ធំមួយរបស់ចិន CRRC បានណែនាំយានជំនិះថ្មីមួយដែលបានផលិតចេញជារូបរាងដំបូងកាលពីឆ្នាំ ២០១៧។ យាន្តជំនិះប្រភេទថ្មីនេះ គេហៅវាថា «ឡានក្រុងអគ្គីសនី ឬ រថភ្លើងគ្មានផ្លូវដែក ឬ Rail Bus» ដែលវាស្រដៀងទៅនឹងឡានក្រុងបន្តិចនិងរថភ្លើងបន្តិច។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ វាត្រូវបានបង្កើតឡើងដោយច្នៃបញ្ចូលគ្នារវាងប្រព័ន្ធ៣ធំគឺ ឡានក្រុង រថភ្លើង និងអគ្គីសនី។
ឡានក្រុងអគ្គីសនីនេះត្រូវបានដាក់បង្ហាញជាសាធារណៈកាលខែមិថុនា ឆ្នាំ ២០២៣ នៅឯទីក្រុង Zhuzhou នៃប្រទេសចិន ដែលគ្របដណ្តប់លើផ្លូវប្រវែង ៣ គីឡូម៉ែត្រ និងមានចំណតស្ថានីយចំនួន ៤ ក្នុងទីក្រុងនោះ។
ឡានក្រុងអគ្គីសនី ដែលគេអាចហៅវាម៉្យាងទៀតថា រថភ្លើងទំនើបរត់បានដោយគ្មានផ្លូវខ្សែដែក ព្រោះថាវាមានលក្ខណៈស្រដៀងនឹងរថភ្លើងធម្មតាបេះបិត ដោយខុសត្រង់ថា វាមិនរត់លើផ្លូវដែកទេ។ ផ្ទុយទៅវិញ វានឹងរត់តាមស្លាកសញ្ញា (គំនូសសរៗ) មួយជួរនៅលើផ្លូវ។ ស្លាកសញ្ញានោះទៀតសោត គឺបានបំពាក់ដោយឧបករណ៍ចាប់សញ្ញានៅខាងក្រោម ដើម្បីកំណត់ទំហំផ្លូវនិងភាពដំណើរការនៃរថភ្លើងនេះ។ ម៉្យាងវិញទៀត ឧបករណ៍ចាប់សញ្ញាទាំងនោះនឹងផ្តល់សញ្ញាទៅកាន់អ្នកបើករថភ្លើងជាប្រចាំនូវទិន្នន័យផ្សេងៗ ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់។
យ៉ាងណាមិញ រថភ្លើងគ្មានខ្សែដែកនេះ គឺមានតម្លៃថោកជាងរថភ្លើងក្រោមដីផ្សេងៗនៅប្រទេសចិនរហូតដល់ទៅបួនឯណ្ណោះ។ ជាឧទាហរណ៍ គ្រោងការសាងសង់រថភ្លើងក្រោមដីប៉ាន់ប្រមាណថាមានតម្លៃ ១០០លានដុល្លារ រីឯការសាងសង់បណ្តាញផ្លូវរថភ្លើងទំនើបនេះត្រូវបានគេប៉ាន់ប្រមាណថាចំណាយអស់ត្រឹមតែ ២៥ លានដុល្លារប៉ុណ្ណោះ។
ទោះជាយ៉ាងណា យាន្តជំនះនេះត្រូវបានរចនាឡើងដែលបំពាក់ទៅដោយគ្រឿងអគ្គីសនីខ្ពស់ ប្រាកដណាស់ថាមិនបំពុលដល់បរិយាកាស(មិនបំពុលដោយផ្សែង ឧស្ម័ន) និងសន្សំសំច្នៃខ្ពស់ (ប្រេងឥន្ទនៈជាដើម)។ ម៉្យាងវិញទៀត វាត្រូវការការសាកថ្មត្រឹមតែ ១០ នាទីប៉ុណ្ណោះ ជិះបានរហូតដល់ទៅ ២៥ គីឡូម៉ែត្រ ហើយមានល្បឿនរហូតដល់ ៧០គីឡូម៉ែត្រក្នុងមួយម៉ោង។ រីឯការដឹកជញ្ជូនអ្នកដំណើរវិញប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពបំផុត ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើដងផ្លូវបានយ៉ាងច្រើន។
ក្រុមហ៊ុន CRRC របស់ប្រទេសចិនដ៏ធំមួយនេះក៏បានសង្ឃឹមយ៉ាងមុតមាំថា នាថ្ងៃអនាគតឡានក្រុងអគ្គីសនី ឬរថភ្លើងគ្មានផ្លូវដែកនេះនឹងលេចវត្តមាននៅលើពិភពលោក ដើម្បីជួយសម្រួលដល់មនុស្សគ្រប់រូប ថែមទាំងមិនប៉ះពាល់ដល់បរិស្ថានទៀតផងដែរ៕










