ព្រះអនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្តស្ទឹងបត់ ត្រូវបានស្រ្តីវ័យក្មេងម្នាក់ប្តឹងសមត្ថកិច្ចចោទពីបទរំលោភសេពសន្ថវៈ ហើយបង់លុយ៣ពាន់ដុល្លារ សុំឱ្យក្មេងស្រីរងគ្រោះដកពាក្យបណ្តឹង។
ស្ត្រីរងគ្រោះបានលើកឡើងថា៖”បុគ្គលជាសង្ឃខាងលើ បានចាប់រំលោករូបនាងកាលពីជិតភ្លឺថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅផ្ទះសំណាក់មួយកន្លែង នៅខេត្តសៀមរាប”។
ក្រោយចាប់រំលោភហើយនោះ ព្រះអនុគណនោះ បានគម្រាមនាងមិនឱ្យនិយាយប្រាប់អ្នកណាទេ សូម្បីតែពុកម្តាយនាង ហើយលោកថា នឹងទទួលខុសត្រូវលើរូបនាងគ្រប់យ៉ាង តែសូមឱ្យចាំលោករយៈពេលពីរឆ្នាំទៀតចាំលោកធ្វើសាលាឆាន់ និងខ្លោងទ្វាររួចលោកនឹងសឹកដណ្តឹងនាង។
បន្ទាប់មកបានប្រហែលពីរខែកន្លះ លោកក៏ដោះដៃលែងទំនាក់ទំនងមកនាង និងប្លុកហ្វេសបុករបស់នាងចោលអស់។
លុះក្រោយមក នាងសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ក៏ប៉ុន្តែសមត្ថកិច្ចមិនបានដោះស្រាយតាមផ្លូវច្បាប់ឱ្យរូបនាងឡើយ ផ្ទុយមកវិញមានតែសំឡុតបំភិតបំភ័យនាងថា ប្តឹងមិនឈ្នះលោកទេ ប្រយ័ត្នលោកប្តឹងវិញ។
ដោយស្ថិតក្នុងគ្រួសារក្រីក្រ នាងក៏ព្រមដកពាក្យបណ្តឹង និងយកលុយសំណង៣ពាន់ដុល្លារ ខណៈព្រះអនុគណក្រុងប៉ោយប៉ែត ប្រកាសលាចាកសិក្ខាបទ នៅថ្ងៃទី១៨-១៩ ខែមករា២០២៤ខាងមុខនេះ៕












