កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 បាននិយាយលើកទឹកចិត្តទៅដល់មនុស្សស្រីគ្រប់រូបដែលស្រលាញ់វិស័យបវរកញ្ញាឱ្យក្លាហានហ៊ានដាក់ពាក្យចូលរួមប្រកួតស្វែងរកអនាគតខ្លួនឯងនៅក្នុងវិស័យនេះ ខណៈបច្ចុប្បន្នវិស័យបវរកញ្ញាមានការគាំទ្រខ្លាំងក្លាទោះបីជាប្រកួតបានលេខប៉ុន្មានក៏ល្បីដែរ។
បើកទ្វារប្រវត្តិសាស្រ្តកម្ពុជាដំបូងគេជាប់លំដាប់រងទី៥កម្មវិធីប្រកួត Miss Grand International 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានផ្លែផ្កាយ៉ាងច្រើនពីវិស័យនេះមានទាំងការងារក្នុងស្រុកនិងក្រៅច្រើនរាប់មិនអស់សឹងតែរកពេលសម្រាកគ្មាន។ ស្របពេលការប្រកួតកម្មវិធី Miss Grand Cambodia ចាប់ផ្តើមប្រកួតថ្នាក់រាជធានីខេត្តជាបណ្តើរៗបវរកញ្ញារូបនេះបានជំរុញលើកទឹកចិត្តស្រីៗដែលស្រលាញ់លើវិស័យបវរកញ្ញាដាក់ពាក្យប្រកួតក្លាហានកុំចុះចាញ់ពាក្យសម្តីរបស់អ្នកដទៃ។
តាមរយៈវីដេអូមួយ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថា កម្មវិធីបវរកញ្ញាអីឡូវល្បីណាស់ អ្នកណាប្រកួតបានលេខប៉ុន្មានក៏ល្បីដែរដោយសារកម្មវិធីនេះមានអ្នកគាំទ្រច្រើន។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានាងចង់ឱ្យមនុស្សស្រីគ្រប់រូបក្លាហានប្រសិនជាស្រលាញ់ចូលមកប្រកួតកុំខ្លាចយើងមកស្វែងរកអនាគតខ្លួនឯងនៅក្នុងការប្រកួតបើសិនជាយើងស្រលាញ់លើវិស័យនេះ។
Miss Grand Cambodia 2022 រូបនេះលើកឡើងទៀតថា សូមកុំគិតថាអ្នកណាស៊ូជាងអ្នកណានោះទេអ្នកចូលមកច្រើនដងបានស៊ូនោះទេ អ្នកចូលមកប្រកួតគឺស៊ូទាំងអស់គ្នា អ្នកដែលមិនទាន់មានអ្នកស្គាល់ស៊ូជាងអ្នកដែលគេស្គាល់ទៅទៀត ហើយការតស៊ូនេះមិនស្គាល់ទៅលើអ្នកមានបទពិសោធច្រើនទើបមកប្រកួតនោះទេ។ ការប្រកួតដំបូងរបស់មនុស្សស្រីដែលស្រលាញ់លើវិស័យនេះពិតជាមានការតស៊ូណាស់ ព្រោះពេលខ្លះក៏រងនូវពាក្យសម្តីមួយចំនួនដែលបំបាក់ទឹកចិត្តយើងជាដើម ដូច្នេះយើងត្រូវតែតស៊ូពាក្យសម្តីទាំងអស់នេះហើយបោះជំហានសាងអនាគតសម្រេចក្តីសុបិនរបស់ខ្លួន។
គួរបញ្ជាក់ថា ចាប់តាំងពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានផ្លែផ្កានៅលើឆាកអន្តរជាតិបវរកញ្ញារូបនេះកាន់តែមានប្រជាប្រិយភាពខ្លាំងមានអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសមានការងារសម្រុកចូលទប់មិនឈ្នះ។ ប្រជាប្រិយភាពរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជំរុញឱ្យអ្នកគាំទ្រដល់ថ្នាក់សាក់ឈ្មោះនាងនៅលើដៃទៀតផង៕










