ពិធីភ្ជាប់ពាក្យរបស់អ្នកនាង ភិន សុដាលីស និងកូនកំលោះលោក ហ៊ីន លាងហេង បានធ្វើឱ្យអ្នកគាំទ្រនិងអ្នកសិល្បៈច្រើនរូបចូលរួមអបអរសាទរយ៉ាងផុសផុលចំពោះអ្ននទាំងពីរ។ ទម្រាំឈានដល់ដំណាក់កាលដឹកដៃគ្នាភ្ជាប់ពាក្យតាមប្រពៃណីនេះ ភិន សុដាលីស និងគូដណ្តឹងបានតស៊ូជាមួយគ្នាណាស់ស្រលាញ់តាំងពីនៅរៀន ឈ្លោះបែកៗជាមួយគ្នាច្រើនដងតែទីបំផុតនៅតែវិលត្រលប់មកជួបគ្នាវិញ។
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ អ្នកមេម៉ាយ ភិន សុដាលីស បានសម្រេចចិត្តដឹកដៃគូស្នេហ៍ដែលបណ្តើរគ្នានាពេលកន្លងភ្ជាប់ពាក្យពោរពេញដោយសុភមង្គល មានការចូលរួមពីតារានិង influencer ល្បីៗជាច្រើនរូបទៅអបអរអ្នកទាំងពីរប្រកបដោយក្តីរីករាយព្រោះទិដ្ឋភាពនេះពួកគេចង់ឃើញជាយូរមកហើយក្រោយពី ភិន សុដាលីស ស្ពាយឈ្មោះមេម៉ាយកូន១ជាច្រើនឆ្នាំបន្ទាប់ពីបែកបាក់ជាមួយពិធីករ ប៉ែន ចំរ៉ុង។
តាមការបង្ហោះនូវវីដេអូមួយបានបង្ហើបថាទីបំផុត ភិន សុដាលីស បានភ្ជាប់ជាមួយលោក ហ៊ីន លាងហេង ហៅ Jin ជាមនុស្សដែលខ្លួនស្រលាញ់ហើយអ្នកទាំងពីរតស៊ូជាមួយគ្នាច្រើនឆ្នាំមកហើយ។ ដាលីស និង គូដណ្តឹង គឺជាសង្សារនឹងគ្នាតាំងពីនៅរៀនបន្ទាប់មកក៏បែកគ្នា បន្ទាប់មកអ្នកទាំងបានជួបគ្នានិងស្រលាញ់គ្នាម្តងទៀត ហើយក៏បែកគ្នាទៀត ។ គណនីដដែលបានលើកឡើងទៀតថា មួយគូនេះឈ្លោះបែកៗស្នេហាប្រៀបដូចឆ្មាកណ្តុរ ប៉ុន្តែនៅទីបំផុតពួកគេជំនះរាល់ឧបសគ្គទាំងអស់ហើយឈានដល់ថ្ងៃភ្ជាប់ពាក្យជាមួយគ្នា។
ស្នេហារបស់អ្នកនាង ភិន ដាលីស និងគូដណ្តឹងក៏ឆ្លុះបញ្ចាំងទៅកាន់គូស្នេហ៍ឯទៀតដែរថា ឱ្យតែមានភាពតស៊ូជាមួយគ្នាទៅលើស្នេហាផ្តល់ឱ្យគ្នា អត់ធ្មត់ទៅដៃគូម្ខាងទៀតនោះយើងនឹងទទួលបានមនុស្សម្នាក់ដែលព្រមកាន់ដៃយើងអស់មួយជីវិត។ អ្វីៗត្រូវការភាពអត់ធ្មត់ការឱ្យតម្លៃទៅវិញទៅមកព្រមទទួលយកចំណុចខ្សោយរបស់ដៃគូម្ខាងទៀតព្រោះគ្មានស្នេហាណាដែលល្អឥតខ្ចោះទេ។ ក្រោយពីឃើញពិធីមង្គលអតីតតារាសម្តែង ភិន សុដាលីស មហាជននិងអ្នកក្នុងសិល្បៈក៏បានចូលរួមអបអរអ្នកទាំងពីរផងដែរ។
គួរបញ្ជាក់ថា អ្នកនាង ភិន សុដាលីស ជាស្រ្តីមេម៉ាយកូន១ មានដំណក់ឈាមរបស់លោក ប៉ែន ចំរ៉ុង ដោយអ្នកទាំងពីរបានបានបញ្ចប់ឈ្មោះជាប្តីប្រពន្ធ មានអេតាស៊ីវិលតែមិនបានរៀបការក្នុងឆ្នាំ២០១៦ ដោយសាររស់នៅមិនចុះសម្រុងបន្ទាប់ពីរស់នៅជាមួយគ្នាជាង១ឆ្នាំ៕










