ប្រទេសថៃ៖ រដ្ឋាភិបាលរបស់ប្រទេសថៃគ្រោងនឹងចេញទិដ្ឋាការពិសេសដែលអនុញ្ញាតឱ្យអ្នកទេសចរបរទេសណាដែលចង់រៀន Muay Thai ស្នាក់នៅរយៈពេល ៩០ ថ្ងៃ ក្នុងគោលបំណងដើម្បីលើកកម្ពស់អំណាចទន់របស់ប្រទេស។
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោក Pimol Srivikorn ទីប្រឹក្សានាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអនុគណៈកម្មាធិការសកម្មភាពទាក់ទងនឹងកីឡា បាននិយាយថា ដើម្បីសម្រេចបាននូវគោលដៅនេះ រដ្ឋាភិបាលត្រៀមនឹងចេញទិដ្ឋាការពិសេសរយៈពេល ៩០ ថ្ងៃ សម្រាប់ភ្ញៀវទេសចរបរទេសក្នុងការរៀនប្រដាល់ថៃ ដោយទិដ្ឋាការទេសចរណ៍បច្ចុប្បន្ន ភ្ញៀវទេសចរអាចស្នាក់នៅក្នុងប្រទេសថៃបានត្រឹមតែ ៦០ ថ្ងៃប៉ុណ្ណោះ។
លោកបានបន្តថា ទិដ្ឋាការស្រដៀងគ្នានេះក៏នឹងត្រូវផ្តល់ជូនដល់ភ្ញៀវទេសចរបរទេសដែលចង់រៀនរបាំបុរាណ តន្ត្រី ឬធ្វើម្ហូបថៃ ដែលត្រូវបានចុះបញ្ជីក្នុងចំណោមធាតុនៃថាមពលទន់របស់ប្រទេសថៃ។ ផែនការនេះបានទទួលការឆ្លើយតបជាវិជ្ជមានពីអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន ដោយបានហៅវាថាជាគំនិតដ៏ល្អមួយក្នុងការផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ថៃដោយមិនចំណាយបន្ថែម។
លោក Pimol Srivikorn ក៏បានបន្តទៀតថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងកំណត់ស្តង់ដារសម្រាប់កន្លែងហាត់ប្រាណ Muay Thai និងរៀបចំវគ្គបណ្តុះបណ្តាល ដោយជួយជនបរទេសដែលមានចំណាប់អារម្មណ៍ក្នុងក្បាច់គុននេះជ្រើសរើសវគ្គសិក្សាសមរម្យទូទាំងប្រទេស ហើយអ្នកបង្ហាត់ Muay Thai ក៏នឹងទទួលបានការគាំទ្រពីរដ្ឋាភិបាលផងដែរ ប្រសិនបើពួកគេចង់បង្រៀននៅបរទេស។
គួរបញ្ជាក់ដែរថា Muay Thai បានក្លាយជាការពេញនិយមនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី និងសហរដ្ឋអាមេរិក។ យោងតាមក្រសួងទេសចរណ៍ និងកីឡា គិតត្រឹមខែមេសា ឆ្នាំ ២០២៣ មានមជ្ឈមណ្ឌលហ្វឹកហ្វឺន Muay Thai ប្រហែល ៤,០០០ កន្លែងនៅលើពិភពលោក ហើយមានជនបរទេសប្រហែល ៦០,០០០-៧០,០០០ នាក់មក ប្រទេសថៃ ដើម្បីរៀនក្បាច់គុននេះ។ ដូច្នេះអ្នកប្រដាល់ Muay Thai ជាច្រើនដែលប្រកួតនៅប្រទេសថៃក៏ជាជនបរទេសដែរ៕










