កាលពីពេលថ្មីនេះ ការចាត់ថ្នាក់ពីគេហទំព័រអន្តរជាតិមួយបានបង្ហាញឲ្យឃើញពីប្រទេសឈានមុខគេទាំង១០ ដែលបានផលិតស្រូវច្រើនបំផុតនៅជុំវិញពិភពលោក ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៩។
ប្រទេសកម្ពុជា ជាប្រទេសសម្បូរផ្ទៃដីសម្រាប់ធ្វើកសិកម្មចម្រុះ មានទាំងពោត ស្រូវ ដំឡូងមី ជាដើម។ បើយោងទៅតាមការប្រមូលសូចនាករអភិវឌ្ឍន៍របស់ធនាគារពិភពលោកបានឲ្យដឹងថា ក្នុងឆ្នាំ២០២១ ប្រទេសកម្ពុជាគឺមានផ្ទៃដីធ្វើកសិកម្ម(ដីដាំដុះ)សរុបចំនួន ៣៤.៥៥%។ ម៉្យាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាប្រកបរបរធ្វើស្រែចម្ការយ៉ាងស្វាហាប់និងកាក់កបបំផុត តាំងពីបុរាណកាលមកម្លេះ ហើយក៏នៅតែបន្តអនុវត្តរហូតមកដល់បច្ចុប្បន្ន។
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ យោងតាមការចេញផ្សាយរបស់គេហទំព័រអន្តរជាតិ World Index បានកត់សម្គាល់អំពីប្រទេសដែលផលិតស្រូវបានច្រើនជាងគេបំផុតលើពិភពលោក។ ក្នុងនោះកម្ពុជាបានឈរលើកំពូលតារាង ជាប់ណាត់ថ្នាក់លេខ៩នៅទូទាំងសកលលោក ដែលផលិតស្រូវបានរហូតដល់ទៅ ១១ ៦២៤ ០០០ តោនក្នុងមួយឆ្នាំ។
នាពេលកន្លងមកថ្មីៗនេះ ប្រទេសកម្ពុជាក៏បានធ្វើពាណិជ្ជកម្មភាពជាដៃគូរទ្វេភាគីក្នុងការនាំចេញអង្ករទៅក្រៅប្រទេសផងដែរ រួមមានការនាំចេញអង្ករទៅកាន់ប្រទេសសក្តានុពលជាច្រើនដូចជាប្រទេសចិន អារ៉ាប់រួម ឥណ្ឌូនេស៊ី និងភីលីពីនជាដើម។ ទាំងនេះគឺបានសបញ្ជាក់ឲ្យឃើញថា កម្ពុជាបានបង្ហាញនូវសក្តានុពលរបស់ខ្លួនទាំងលើផ្នែកកសិម្ម និងបានចំណេញទាំងផ្នែកសេដ្ឋកិច្ច-ពាណិកម្មដ៏ច្រើន សម្រាប់ប្រទេសតូចបេះដូងធំមួយនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រទេសឈានមុខគេទាំង១០ ដែលផលិតស្រូវបានច្រើនជាងគេបំផុតរួមមាន៖
១ ប្រទេសចិន ២០៨ ៤៩៤ ៨០០ តោន/មួយឆ្នាំ
២ ប្រទេសឥណ្ឌា ១៩៦ ២៤៥ ៧០០ តោន/មួយឆ្នាំ
៣ ប្រទេសបង់ក្លាដែស ៥៧ ១៨៩ ១៩៣ តោន/មួយឆ្នាំ
៤ ប្រទេសឥណ្ឌូនេស៊ី ៥៤ ៧៤៨ ៩៧៧ តោន/មួយឆ្នាំ
៥ ប្រទេសវៀតណាម ៤២ ៦៧២ ៣៣៨ តោន/មួយឆ្នាំ
៦ ប្រទេសថៃ ៣៤ ៣១៧ ០២៨ តោន/មួយឆ្នាំ
៧ ប្រទេសមីយ៉ាន់ម៉ា ២៤ ៦៨០ ២០០ តោន/មួយឆ្នាំ
៨ ប្រទេសហ្វីលីពីន ១៩ ៧៥៦ ៣៩២ តោន/មួយឆ្នាំ
៩ ប្រទេសកម្ពុជា ១១ ៦២៤ ០០០តោន/មួយឆ្នាំ
១ប្រទេសប៉ាគីស្ថាន ១០ ៩៨៣ ០៨១ តោន/មួយឆ្នាំ៕










