ប្រទេសថៃ ៖ សំបកកង់ គឺជាផ្នែកមួយដ៏សំខាន់របស់យានជំនិះគ្រប់ប្រភេទ ដូចជា ៖ រថយន្ត, ម៉ូតូ និងយន្តហោះ ។ តើដឹងឬទេថា កាលពីឆ្នាំ២០២២ កន្លងមក ថៃ គឺជាប្រទេសនាំចេញសំបកកង់យ៉ាងច្រើនទៅក្រៅប្រទេស ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក ដោយទឹកប្រាក់ការនាំចេញស្មើរហូតដល់២៣ម៉ឺន១ពាន់លានបាតឯណោះ ។ ហេតុអ្វីបានជាថៃក្លាយជាប្រទេសផលិតសំបកកង់ដ៏ច្រើនរបស់ពិភពលោក?
កត្តាសំខាន់ៗដែលធ្វើឱ្យប្រទេសថៃក្លាយជាទីតាំងផលិតសំបកកង់ដ៏ធំនៅលើពិភពលោក គឺ ៖
-ថៃជាប្រទេសផលិតជ័រកៅស៊ូដ៏ច្រើននៅលើពិភពលោក និង
-ជ័រកៅស៊ូនៅប្រទេសថៃមានតម្លៃថោក
ប្រទេសថៃបានផលិតជ័រកៅស៊ូច្រើនបំផុតនៅលើពិភពលោក ដោយសារអាកាសធាតុ និងបរិស្ថាននៅថៃអំណោយផលក្នុងការដាំដើមកៅស៊ូ ។ ហេតុនេះ ជ័រកៅស៊ូ គឺជាវត្ថុធាតុដើមដ៏សំខាន់ក្នុងដំណើរការផលិតសំបកកង់ ។ ពលរដ្ឋថៃនៅតាមបណ្តាខេត្តនានាបានដាំដើមកៅស៊ូនៅលើផ្ទៃដីជាច្រើនហិកតា ដោយសារពួកគេអាចលក់ជ័រកៅស៊ូនៅកន្លែងទទួលទិញជ័រក្បែរចម្ការកៅស៊ូ និងពុំចាំបាច់យកទៅលក់នៅកន្លែងឆ្ងាយ ។
នៅឆ្នាំ២០២២ ការផលិតជ័រកៅស៊ូធម្មជាតិរបស់ប្រទេសថៃ ស្មើនឹង៤លាន៨សែនតោន កើនឡើងដល់៣៤% នៃផលិតកម្មជ័រកៅស៊ូនៅទូទាំងពិភពលោក ។ កត្តាមួយទៀត ដែលធ្វើឱ្យថៃក្លាយជាប្រទេសផលិតជ័រកៅស៊ូ និងនាំចេញសំបកកង់ដ៏ច្រើនទៅកាន់ពិភពលោក ដោយសារជ័រកៅស៊ូនៅថៃមានតម្លៃថោក បើធៀបនឹងប្រទេសផ្សេងៗ ដែលផលិតជ័រកៅស៊ូមានគុណភាពដូចគ្នា ។
ហេតុនេះ វាធ្វើឱ្យជ័រកៅស៊ូថៃមានសមត្ថភាពប្រកួតប្រជែង និងជាតម្រូវការរបស់ប្រទេសនានា ។ ប្រទេសថៃមានវត្ថុធាតុដើមសំខាន់ រួមទាំងការចំណាយថ្លៃដើមថោក ទើបធ្វើឱ្យក្រុមហ៊ុនផលិតសំបកកង់ជាច្រើនជ្រើសរើសប្រទេសថៃ ធ្វើជាទីតាំងផលិតសំបកកង់សំខាន់របស់ពួកគេ ដើម្បីលក់សំបកកង់នៅថៃ និងនាំចេញទៅកាន់ប្រទេសនានា ។
ចំណែកក្រុមហ៊ុនផលិតសំបកកង់ម៉ាកល្បីៗមានដូចជា ៖ ក្រុមហ៊ុន Michelin, Bridgestone, Goodyear, Maxxis, Sumitomo និងក្រុមហ៊ុន Yokohama បានជ្រើសរើសប្រទេសថៃ ធ្វើជាទីតាំងផលិតសំបកកង់ប្រចាំតំបន់អាស៊ាន ។ ក្រៅពីនេះ នៅមានក្រុមហ៊ុនសំបកកង់រថយន្តរបស់ថៃឈ្មោះ Deestone ក៏បានផលិតសំបកកង់ផងដែរ ដោយសារយល់ឃើញថា ថៃជាប្រទេសផលិតជ័រកៅស៊ូដ៏ច្រើនបំផុតអស់រយៈពេលយូរមកហើយ ប៉ុន្តែពុំទាន់មានម៉ាកសំបកកង់ជារបស់ថៃទេ ។
រោងចក្រផលិតសំបកកង់បានសាងសង់ឡើងជាច្រើនកន្លែងនៅប្រទេសថៃ ទើបធ្វើឱ្យពេលកន្លងមក ថៃក្លាយជាប្រទេសនាំចេញសំបកកង់ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក ។ បើតាមទិន្នន័យការនាំចេញសំបកកង់របស់ថៃ គឺស្មើទឹកប្រាក់ជាង២៣ម៉ឺន១ពាន់លានបាត នៅឆ្នាំ២០២២ ហើយប្រទេសថៃស្ថិតនៅក្រោមប្រទេសចិនតែមួយប៉ុណ្ណោះ ។
គេអាចសរុបបានថា ក្រុមហ៊ុនផលិតសំបកកង់ទាំងអស់អាចបន្ថែមតម្លៃដល់វត្ថុធាតុដើមពីជ័រកៅស៊ូ និងលក់ទំនិញក្នុងតម្លៃខ្ពស់ជាងថ្លៃដើម ។ គេសង្កេតឃើញថា ពលរដ្ឋថៃដែលរស់នៅតាមបណ្តាខេត្តបានដាំកៅស៊ូនៅលើផ្ទៃដីជាច្រើនហិកតា ដោយសារមានកត្តាងាយស្រួលជាច្រើន ដូចជា ៖ ពួកគេអាចលក់ជ័រកៅស៊ូនៅទីតាំងទទួលទិញក្បែរចម្ការកៅស៊ូ ឬស្ថិតនៅមិនឆ្ងាយពីភូមិ ហើយមានរោងចក្រផលិតសំបកកង់ជាច្រើនកន្លែង ដែលមានទីតាំងនៅប្រទេសថៃ ៕










