កាលពីពេលថ្មីៗ ការស្ទង់មតិរបស់គេហទំព័រអន្តរជាតិមួយបានបង្ហាញថា ប្រាសាទអង្គវត្តនៃប្រទេសកម្ពុជាបានឈរលើកំពូលតារាង ជាកន្លែងទៅទស្សនាថ្ងៃរះនិងថ្ងៃលិចបានស្អាតជាងគេបំផុតក្នុងភូមិភាគអាស៊ីអាគ្នេយ៍និងពិភពលោក។
កូនខ្មែរគ្រប់រូបស្គាល់យ៉ាងច្បាស់ហើយថា ប្រាសាទអង្គរវត្តដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប ទឹកដីនៃប្រទេសកម្ពុជា ដែលបានសាងសង់ឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទអង្គរវត្តក៏បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ សំណង់អច្ឆរិយៈនេះ បានទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមិនដែលដាច់នោះឡើយ ក្នុងនោះក៏មានទាំងតារាល្បីៗ មហាសេដ្ឋីពិភពលោកបានមកគយគន់ប្រាង្គប្រាសាទដ៏អស្ចារ្យនេះផងដែរ។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ យោងតាមការស្ទង់មតិរបស់គេហទំព័រចក្រភពអង់គ្លេស Morning.co.uk បានធ្វើការស្ទង់មតិស្វែងរកកន្លែងទៅមើលថ្ងៃរៀបលិចនិងថ្ងៃរៀបរះបានស្អាតជាងគេបំផុតនៅលើពិភពលោក។ ក្នុងនោះផងដែរគឺបានរកឃើញថា ប្រាសាទអង្គរវត្តកម្ពុជាបានក្លាយជាកន្លែងល្អឥតខ្ចោះទី១ក្នុងចំណោម៧២ប្រទេស សម្រាប់អ្នកដែលចង់ទៅទស្សនាថ្ងៃរះនិងថ្ងៃលិចបានស្អាតនិងច្បាស់ត្រជាក់ភ្នែកបំផុត។
នេះគឺបានសបញ្ជាក់ឲ្យឃើញថា ប្រាសាទអង្គរវត្តកម្ពុជាគឺបានវ៉ាដាច់ទាំងក្នុងភូមិភាគអាស៊ីអាគេ្នយ៍និងពិភពលោក មិនថាជាការមើលប្រាសាទអច្ឆរិយៈលើពិភពលោក និងជាប្លង់កន្លែងថ្ងៃរះនិងលិចស្អាតបំផុតនោះទេ គឺប្រាសាទអង្គរវត្តតែងតែឈរលើកំពូលតារាងជានិច្ច។
កាន់តែអស្ចារ្យជាងនេះទៅទៀតនេះ ជាញឹកញយគេតែងតែឃើញថានៅពេលដែលថ្ងៃរៀបលិចនិងរៀបរះ គឺពន្លឺនៃថ្ងៃបានចាំងជះមកលើតួប្រាសាទអង្គរវត្តទាំងមូលក្លាយទៅជាពណ៌មាសស្រស់ស្អាតរកអ្វីប្រៀបផ្ទឹមពុំបាន។ ភ្ញៀវទេសចរណ៍គ្រប់ៗរូប បើបានមកលេងខេត្តសៀមរាប ជាពិសេសគឺប្រាសាទអង្គរវត្តនេះផ្ទាល់តែម្តង តែងតែលាន់មាត់ថា WOW! គ្រប់ៗគ្នានិងសរសើរមិនដាច់ពីមាត់ពីភាពល្អឯកនេះ។
ទាំងនេះហើយគឺបានសបញ្ជាក់ឲ្យឃើញអំពីភាពមហោសច្ចារ្យនៃសម្បត្តិវប្បធម៌អរិយធម៌ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ។ ដូច្នេះ កូនខ្មែរគ្រប់រូបមិនគួរមើលរំលងនិងត្រូវតែខិតខំថែរក្សាទុកសម្បត្តិដ៏មានតម្លៃនេះឲ្យបានគង់វង្សជាដរាបតរៀងទៅផងដែរ៕










