នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានព្រមានទៅគណបក្សនយោបាយចំនួន៣ដែលពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៉ី ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ។
ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចេញសេចក្តីអំពាវនាវដល់ គណបក្សនយោបាយចំនួន៣នេះ ឱ្យអនុវត្តសកម្មភាពផ្សេងៗ និងធ្វើការបង្គាប់បញ្ជាផ្ទុយពីស្មារតីនៃច្បាប់ ដើម្បីបម្រើដល់ផលប្រយោជន៍ និងមហិច្ឆតានយោបាយស្មោកគ្រោករបស់ខ្លួន។
ស្ថិតក្នុងបរិបទនេះ ក្រសួងមហាផ្ទៃសូមឱ្យគណបក្សនយោបាយចំនួន៣នេះ បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងមាត្រា ៦ថ្មី(ពីរ) ដែលបានចែងអំពីសកម្មភាពដែលត្រូវបានហាមឃាត់ចំពោះគណបក្សនយោបាយ ក្នុងនោះ ចំណុចទី៧ នៃមាត្រានេះបានកំណត់ច្បាស់ថា “ការយល់ព្រមដោយចំហ ឬដោយតុណ្ហភាព ឬ ឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍ នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន” គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលត្រូវបាន ហាមឃាត់ ។
ក្នុងន័យដូចគ្នានេះដែរ យោងតាមមាត្រា ៤៤ថ្មី(ពីរ) នៃច្បាប់នេះ បញ្ញត្តិថា គណបក្សនយោបាយ ដែលប្រព្រឹត្តល្មើស អាចប្រឈមនឹងការផ្អាកសកម្មភាពប្រាំឆ្នាំ ឬប្រឈមមុខនឹងការរំលាយដោយតុលាការ ។ ទន្ទឹមនេះ មាត្រា ៣៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ បានផ្ដល់សមត្ថកិច្ចដល់ក្រសួងមហាផ្ទៃ ក្នុងការ ចាត់វិធានការដើម្បីផ្អាកសកម្មភាពគណបក្សនយោបាយនោះ ឬប្ដឹងទៅតុលាការ ដើម្បីរំលាយគណបក្ស នយោបាយនោះចោល ៕











