ក្រោយពីបង្ហោះប្រយោគមួយឃ្លានៅលើបណ្តាញសង្គមរបស់ ព្រះកាយច័ន្ទ បានធ្វើឱ្យពិភពបវរកញ្ញាមានការជជែកវែកញែកយ៉ាងខ្លាំងដោយអ្នកខ្លះក៏លើកឡើងថាបេក្ខភាពរូបនេះមានភាពអំនួតទាំងមិនទាន់ជាប់ជ័យលាភីនៅឡើយ ខណៈ ព្រះកាយច័ន្ទ ក៏បានឆ្លើយតបវិញផាំងៗជាមួយហេតុផលសមរម្យ។
នៅរសៀលថ្ងៃទី១១ មករា បេក្ខភាព Miss Grand PHNOM PENH ខណ្ឌទួលគោក ព្រះកាយច័ន្ទ បានថា «នាងខ្ញុំដាក់ពាក្យប្រកួត Miss Grand Cambodia ចឹងបើនាងខ្ញុំមិនបានជាប់ទៅប្រកួតនៅ Miss Grand International ទេ នាងខ្ញុំសុំមិនទៅប្រកួតក្នុងកម្មវិធីផ្សេងនោះទេ។ អរគុណដែលបងប្អូនគាំទ្រខ្ញុំនឹងមិនធ្វើឱ្យបងប្អូនអស់សង្ឃឹមឡើយ ខ្ញុំនឹងព្យាយាមបន្ថែមដើម្បីកម្ពុជា »។ ប្រយោគនេះបានធ្វើឱ្យឡើងកម្តៅខ្លាំងនៅលើបណ្តាញសង្គមរហូតយប់ឡើង ព្រះកាយច័ន្ទ បាន Live បញ្ជាក់បន្ថែមទៅលើពាក្យសម្តីរបស់ខ្លួនដែលបានបង្ហោះក្រោមពីរងនូវពាក្យសម្តីថា «អំនួត»។
ព្រះកាយច័ន្ទ បាននិយាយថាប្រហែលជាអ្នករិះគន់មិនបានយល់ពីប្រយោគរបស់ខ្លួនឬធ្វើជាមិនយល់ដោយនាងបានប្រើពាក្យថា «សុំមិនទៅប្រកួតកម្មវិធីផ្សេង» មិនមែនដាច់អហង្ការនោះទេ។ តារាស្រីរូបនេះថា ខ្លួនមកប្រកួតកម្មវិធី Miss Grand ដឹងហើយថានាងមានគោលបំណងអ្វី ហើយកម្មវិធីនេះគេត្រូវការអ្វី។ បេក្ខភាពរូបនេះថា នាងមិនបានអួតខ្លួនឯងមានគ្រប់លក្ខខណ្ឌដែលកម្មវិធីត្រូវការនោះទេ ប៉ុន្តែនៅក្នុងនោះខ្លួននាងមានអ្វីដែលកម្មវិធីត្រូវការហើយក្រៅពីកម្មវិធី Miss Grand នាងគ្មានអ្វីដែលខាងកម្មវិធីផ្សេងត្រូវការនោះទេ បើយើងដាក់បវរកញ្ញាចំគោលដៅយើងនឹងទទួលបានលទ្ធផលល្អច្រើន។
ព្រះកាយច័ន្ទ បាននិយាយបន្តទៀតដោយលើកឧទាហរណ៍ថា Miss Grand គេត្រូវការ Grand Voice ខណៈដែលនាងមានស្រាប់ នេះហើយជាការដាក់បវរកញ្ញាឱ្យចំគោលដៅ ហើយនាងចេះច្រៀងហើយទៅប្រលង Miss Universe គឺគេមិនយកខ្លួនទេដូច្នេះហើយទើបនាងបានសំណូមពរបើសិនជានាងមិនបានជាប់ Miss Grand Cambodia ដើម្បីឡើងឆាក Miss Grand International ទេនាងសុំមិនទៅចូលរួមកម្មវិធីណាទាំងអស់ បើទៅហើយធ្លាក់ដដែលទៅធ្វើអ្វី។
តួឯកស្រីរូបនេះ បាននិយាយទៀតថា បើសិនជានាងមិនទៅប្រកួតកម្មវិធីផ្សេងហើយទុកឱកាសឱ្យអ្នកផ្សេងដែលមានចំណុចខាងកម្មវិធីត្រូវការទៅប្រលងវិញវានឹងលើកមុខមាត់កម្ពុជាយើងហើយនាំមកុដមកកាន់មាតុភូមិ។ ជាមួយគ្នានេះដែរ ព្រះកាយច័ន្ទ ក៏បានដាក់ចំៗថាកុំអាងតែគ្នា ជាតារា ជាបវរកញ្ញាជាន់លុះក្ស័យ ជាន់អ្នកណាបានតែបើជាន់ព្រះកាយច័ន្ទមិនបានទេ៕










