ក្នុងសង្គមយើងបច្ចុប្បន្ន សិក្សានុសិស្សមួយចំនួនធំមិនថារៀនកម្រិតបឋមសិក្សា ឬក៏វិទ្យាល័យនោះទេ ភាគច្រើនឪពុកម្តាយតែងតែឱ្យកូនធ្វើដំណើរដោយខ្លួនឯងតាមរយៈការជិះម៉ូតូ ឬជិះកង់ជាដើម។

នៅក្នុងការធ្វើដំណើរដោយខ្លួនឯង ដោយម៉ូតូ គឺជាការខុសច្បាប់យ៉ាងធ្ងន់ធ្ងរចំពោះសិក្សានុសិស្សដែលកំពុងសិក្សាថ្នាក់កម្រិតបឋមសិក្សា ព្រោះតាមច្បាប់អ្នកបើកបរម៉ូតូត្រូវមានអាយុយ៉ាងតិច១៥ឡើងទៅ។

យោងច្បាប់ក្នុងប្រទេសកម្ពុជាយើង បានចែងយ៉ាងច្បាស់ថាគ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ចាំបាច់ត្រូវមានបណ្ណបើកបរចំពោះអ្នកបើកបរ រថយន្តគ្រប់ប្រភេទ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងត្រីចក្រយានយន្ត យានយន្តដែលមានទំហំស៊ីឡាំងលើសពី១២៥ (មួយរយម្ភៃប្រាំ)សង់ទីម៉ែត្រគូប ឡើងទៅ ឬមានថាមពលអគ្គិសនីលើសពី១១ (ដប់មួយ)គីឡូវ៉ាត់។

ដោយឡែក ចំពោះយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី១២៥ (មួយរយម្ភៃប្រាំ) សង់ទីម៉ែត្រគូបចុះក្រោម ឬមានថាមពលអគ្គិសនីចាប់ពី១១ (ដប់មួយ)គីឡូវ៉ាត់ចុះក្រោម អ្នកបើក បរមិនតម្រូវឱ្យមានបណ្ណបើកបរឡើយ។

ថ្វីបើមិនតម្រូវឱ្យមានបណ្ណបើកបរ ក៏ប៉ុន្តែចាំបាច់អ្នកបើកបរត្រូវមានអាយុយ៉ាងតិច១៥ (ដប់ប្រាំ)ឆ្នាំ ឡើងទៅ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយទើបអាចមានសិទ្ធបើកបរនៅក្នុងប្រទេសកម្ពុជា៕

May be an image of text