ប្រទេសចិន ៖ យូណាន គឺជាខេត្តដាំដុះដំណាំកាហ្វេច្រើនបំផុតនៅប្រទេសចិន ដោយសារខេត្តនេះស្ថិតនៅតំបន់ខ្ពង់រាប និងមានអាកាសធាតុអំណោយផល ។ កសិករនៅខេត្តយូណានបានដាំដំណាំកាហ្វេមានគុណភាពខ្ពស់ ស្របគ្នាជាមួយតម្លៃកាហ្វេនៅខេត្តយូណានកើនឡើងជាបន្តបន្ទាប់ ។ ក្រៅពីនេះ កសិករនៅតំបន់ផ្សេងទៀត ក៏បាននាំគ្នាដាំកាហ្វេផងដែរ ដូចជា ៖ នៅទីក្រុងភូអឺ និងទីក្រុងប៉ៅសាន ។
ចំណែក Hu Wenbin ជាអ្នកគ្រប់គ្រងក្នុងចម្ការកាហ្វេមួយកន្លែងនៅទីក្រុងភូអឺ និយាយថា ក្រុមហ៊ុនរបស់លោកបានដាំដំណាំកាហ្វេនៅលើផ្ទៃដីប្រមាណ៤០ហិកតា ហើយលោកសង្ឃឹមថា នឹងទទួលបានផលខ្ពស់រហូតដល់៤៦០តោន ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តម្លៃកាហ្វេបានកើនឡើងជាបន្តបន្ទាប់ ហើយតម្លៃកាហ្វេនៅខេត្តយូណានបានកើនឡើងទ្វេដង បើធៀបនឹងកាហ្វេនៅទីក្រុងភូអឺ ។
កាលពីឆ្នាំ២០២២ តម្លៃជាមធ្យមរបស់គ្រាប់កាហ្វេពុំទាន់ឆ្អិននៅខេត្តយូណាន គឺស្មើនឹង៣០យាន់ក្នុង១គីឡូក្រាម ខណៈតម្លៃជាមធ្យមរបស់គ្រាប់កាហ្វេពុំទាន់ឆ្អិននៅទីក្រុងប៉ៅសាន ស្មើនឹង៤០យាន់ក្នុង១គីឡូក្រាម ។ ចំណែកតម្លៃគ្រាប់កាហ្វេពិសេសក្នុងតំបន់ផ្សេងៗបានកើនឡើងខ្ពស់ជាងនេះទៀត ដូចជា គ្រាប់កាហ្វេ Guixia មានតម្លៃខ្ពស់រហូតដល់១.២០០យាន់ឯណោះក្នុង១គីឡូក្រាម ។
Yang Zhu ជានាយកក្រុមហ៊ុន Baoshan Zhongka Food លើកឡើងថា តម្លៃគ្រាប់កាហ្វេនៅទីក្រុងប៉ៅសាន បានកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែក្រុមហ៊ុនរបស់លោក នៅតែទិញគ្រាប់កាហ្វេមកពីទីក្រុងប៉ៅសាន ដោយសារតែអតិថិជនពេញចិត្តលើគុណភាពរបស់វា ។ នៅឆ្នាំ២០២៣ នេះ ក្រុមហ៊ុនបានទិញគ្រាប់កាហ្វេរហូតដល់ជាង៤.០០០តោន ដែលបរិមាណនេះច្រើនជាងឆ្នាំ២០២២ ប្រមាណ២០% ។.jpg)
នៅទីក្រុងប៉ៅសាន គេបានបើកវគ្គបណ្តុះបណ្តាលកសិករក្នុងតំបន់អំពីការដាំដំណាំកាហ្វេជាង៤០ពូជ ដោយការប្រើប្រាស់ជីសរីរាង្គ ដើម្បីទទួលបានកាហ្វេមានគុណភាពខ្ពស់លក់ឱ្យអតិថិជន ។ កសិករចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះនិយាយថា ដំណាំកាហ្វេបានធ្វើឱ្យជីវភាពរបស់ពួកគេល្អប្រសើរជាងមុន ៕










