បរទេស៖ ក្រុមហ៊ុន Meta ត្រូវបានពិន័យជាប្រាក់ចំនួន ៦.៤ លានដុល្លារអាមេរិក ដោយសារការផ្សាយពាណិជ្ជកម្មល្បែងអនឡាញដែលបានលេចឡើងនៅលើ Facebook និង Instagram ។
យោងតាមគេហទំព័រអន្តរជាតិ The Economic Times ដែលបានចុះផ្សាយនៅថ្ងៃទី២៤ ខែធ្នូថា ក្រុមហ៊ុនរបស់លោក Mark Zuckerberg ត្រូវបានប្រទេសអ៊ីតាលីចោទប្រកាន់ថាមិនគោរពតាមការអនុវត្តច្បាប់ ដោយផ្សាយពាណិជ្ជកម្មប្រយោល រួមទាំងការផ្សាយពាណិជ្ជកម្មសម្រាប់ការភ្នាល់ ឬហ្គេមទាក់ទងនឹងលុយ ដែលនេះគឺជាការខុសច្បាប់របស់ប្រទេសអ៊ីតាលី។
ចាប់តាំងពីឆ្នាំ ២០១៨ មកប្រទេសអ៊ីតាលីបានហាមឃាត់ការផ្សាយពាណិជ្ជកម្មល្បែងស៊ីសងនៅលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមទាំងបណ្តាញសង្គមផងដែរ។ ដូច្នេះហើយកន្លងទៅ YouTube របស់ Google និង Twitch របស់ Amazon ក៏ត្រូវបានពិន័យផងដែរចំពោះការរំលោភលើបម្រាមនេះ។ ដោយ YouTube ត្រូវបានពិន័យជាប្រាក់ ២.៤ លានដុលា្លរអាមេរិក និង Twitch ជិត ១ លានដុល្លារអាមេរិកឯណោះ។ ទោះជាយ៉ាងណាក៏ដោយ Meta មិនបានធ្វើអត្ថាធិប្បាយជុំវិញព័ត៌មានខាងលើនេះទេ ដោយវេទិកានេះជាទូទៅមិនបានហាមឃាត់ការផ្សាយពាណិជ្ជកម្មល្បែងស៊ីសងទេ។
នៅក្នុងគោលការណ៍របស់ក្រុមហ៊ុននេះមានបទប្បញ្ញត្តិដាច់ដោយឡែកពីគ្នាសម្រាប់ខ្លឹមសារខាងលើ ដោយមានតម្រូវការដូចជាអ្នកផ្សាយពាណិជ្ជកម្មត្រូវផ្តល់ភស្តុតាងដែលថាសកម្មភាពល្បែងស៊ីសងត្រូវបានអនុញ្ញាតដោយនិយតករសម្រាប់តំបន់ ក៏ដូចជាកំណត់គោលដៅផ្សាយពាណិជ្ជកម្ម ខណៈពេលដែលហាមប្រាមតែមនុស្សដែលមានអាយុក្រោម ១៨ ឆ្នាំប៉ុណ្ណោះ។ ហេតុនេះហើយ បច្ចុប្បន្នសកម្មភាពភ្នាល់ និងល្បែងតាមអ៊ីនធឺណិត គឺជាសេវាកម្ម និងផលិតផលដែលប្រើប្រាស់អ្វីៗដែលមានតម្លៃជារូបិយវត្ថុជាផ្នែកនៃរង្វាន់ និងវិធីសាស្រ្តនៃការចូលរួម៕










