ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន Thairath រាយការណ៍ថា ខ្សែដែកនៅក្រោមរថភ្លើងអាកាសពណ៌ផ្កាឈូក បានធ្លាក់សង្កត់លើរថយន្តជាច្រើនគ្រឿងដែលចតនៅបរិវេណខាងក្រោមស្ពានអាកាស ព្រមទាំងបណ្តាលឱ្យរលំបង្គោលភ្លើងផងដែរ ប៉ុន្តែគ្មានអ្នករងរបួសទេ ។ ហេតុការណ៍នេះបានកើតឡើងនៅស្រុកប៉ាក្រេត ខេត្តនុនថាក់បុរី ប្រទេសថៃ ។

បើតាមវីដេអូថតដោយកាមេរ៉ារបស់រថយន្ត១គ្រឿង គេបានឃើញខ្សែដែកនៅក្រោមរថភ្លើងអាកាសពណ៌ផ្កាឈូក បានធ្លាក់សង្កត់លើរថយន្តជាច្រើនគ្រឿងចតនៅបរិវេណខាងក្រោម ដែលស្ថិតនៅខាងមុខផ្សារមួយកន្លែង លើផ្លូវទីវ៉ានុន ស្រុកប៉ាក្រេត ខេត្តនុនថាក់បុរី ។ ខ្សែដែកនៅក្រោមរថភ្លើងអាកាស ដែលធ្លាក់ចុះមកក្រោមនេះ បានប៉ះជាមួយខ្សែភ្លើងនៅលើបង្គោលភ្លើង ទើបបណ្តាលឱ្យឆេះចេញផ្កាភ្លើងឡើងមក ។

ហេតុការណ៍នេះបានធ្វើឱ្យអាជីវករលក់ដូរនៅក្នុងតំបន់ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនាំគ្នារត់ចេញពីបរិវេណនេះ ដោយសារខ្លាចបង្គោលភ្លើងរលំសង្កត់ ។ ក្រោយមក សមត្ថកិច្ច និងភ្នាក់ងារពាក់ព័ន្ធបានចុះមកត្រួតពិនិត្យនៅចំណុចកើតហេតុ និងមានការបញ្ជាឱ្យកាត់ផ្តាច់ខ្សែភ្លើងចេញពីបង្គោលភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Pw8_RRHWwQCNVQUVlkXuzz4ZOStJ8fOJTrvSmdLelH_f3L2TMnZEZmCXBsFA-oJhFN6ZahfqI4PIUnlhx0TPYYI0E6CN4wkBw_d5NLzk5B0FKYAiyapFSVrKq7cZL4q52PGbp_WlXUTCJROQ9X3DSfkkvkKAaGEvwZJb9Tg7AipZEM1170hT4anHN0I/s1280/photo_2023-12-25_14-57-08.jpg

អភិបាលខេត្តនុនថាក់បុរី បានបញ្ជាឱ្យស្ថាប័នទាំងអស់ឱ្យដោះស្រាយបញ្ហានេះ និងត្រួតពិនិត្យមើលការខូចខាតឱ្យបានឆាប់រហ័សបំផុត ។ លោក សុធី ថងញ៉ែម អភិបាលខេត្តនុនថាក់បុរី លើកឡើងថា ៖ «ខ្សែដែកនៅក្រោមរថភ្លើងអាកាស បានធ្លាក់ចុះមកក្រោមបណ្តាលឱ្យប៉ះជាមួយខ្សែភ្លើង និងបង្គោលភ្លើង ។ ហេតុនេះ យើងបានព្យាយាមដោះស្រាយបញ្ហានេះ ដើម្បីកុំឱ្យវាធ្លាក់ចុះមកម្តងទៀត» ។

អ្នកខូចខាតទ្រព្យសម្បត្តិដោយសារហេតុការណ៍នេះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅស្ថានីយប៉ូលិស ។ លោក សុផុង អាយុ៥០ឆ្នាំ ជាម្ចាស់រថយន្តខូចខាតដោយសារខ្សែដែកនៅក្រោមរថភ្លើងអាកាសសង្កត់ ប្រាប់ថា ពេលកើតហេតុ លោកកំពុងដើរទិញរបស់របរក្នុងផ្សារ ហើយលោកបានឮសំឡេងស្រដៀងនឹងគ្រាប់បែ.កផ្ទុះជាច្រើនលើក ។ ដូច្នេះ លោកក៏ប្រញាប់មកមើល ស្រាប់តែឃើញរថយន្តរបស់លោក ដែលចតនៅក្រោមស្ពានអាកាស ខូចខាតជាច្រើនកន្លែង ដូចជា ៖ កញ្ចក់ និងដំបូលរថយន្ត ។ ប៉ុន្តែនៅពុំទាន់មានអ្នកតំណាងរថភ្លើងអាកាសពណ៌ផ្កាឈូកទំនាក់ទំនង ឬជជែកជាមួយលោកដើម្បីទទួលខុសត្រូវទេ ។

ចំណែកទំព័រហ្វេសប៊ុករបស់រថភ្លើងពណ៌ផ្កាឈូក លើកឡើងថា ហេតុការណ៍នេះបានកើតឡើងនៅបរិវេណស្ថានីយសាមគ្គី ។ ខ្សែដែកនៅក្រោមរថភ្លើងអាកាស បានធ្លាក់សង្កត់លើរថយន្តចំនួន៣គ្រឿង និងគ្មានអ្នករងរបួសទេ ។ ក្រោយកើតហេតុ បុគ្គលិកក្រុមហ៊ុន, ប៉ូលិស និងស្ថាប័នពាក់ព័ន្ធបានចុះត្រួតពិនិត្យរកមូលហេតុភ្លាមៗ ។ ក្រុមហ៊ុនរថភ្លើងបានសូមទោសចំពោះហេតុការណ៍នេះ បន្ទាប់មក ក្រុមហ៊ុនបានផ្អាកដំណើរការរថភ្លើងអាកាសជាបណ្តោះអាសន្នដើម្បីសុវត្ថិភាព ។

រដ្ឋមន្ត្រីក្រសួងគមនាគមន៍ លោក សុរីយៈ ជឹងរុងរឿងកិច លើកឡើងថា លោកបានបញ្ជាឱ្យផ្អាកដំណើរការរថភ្លើងផ្កាឈូកជាបណ្តោះអាសន្ន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីត្រួតពិនិត្យរកមូលហេតុដែលបណ្តាលឱ្យខ្សែដែកនៅក្រោមរថភ្លើងអាកាស ធ្លាក់ចុះបែបនេះ ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv5tS5kXFTLxW5qzZbLZ53WWpt4wfLjD3lSaTRG68codh6aJnOdL46uqd-gu4-AeGTxnfKU5ISVh1xYjLhq16JlIf7w-cRoy6snl7uAIf3RoLSGXfZm3LcuwAKauJ-k7I9GlNnEltQQFuKUmvjlzZFGxTqJCmAtcPiCKfLk5-fZDFlzx65yBQ2PgsOeXA/s1109/photo_2023-12-25_14-57-12.jpgប្រភព ៖ Thairath TV