ទីបំផុតឆ្លងកាត់ការប្រកួតប្រជែងអស់ជាច្រើនសប្តាហ៍និងជាច្រើនដំណាក់ប្រជុំទៅដោយជើងខ្លាំងជាច្រើនរូបកម្មវិធី The rapper Cambodia រដូវកាលទីមួយបានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើបេក្ខជន យូហៃ (Yuuhai ) កូនក្រុមរបស់គ្រូបង្វឹក នរិទ្ធ។
នៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ កម្មវិធីប្រលងចម្រៀងរ៉េបដែលទើបតែមានជាលើកដំបូងនៅកម្ពុជាបានឈានដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រហើយ ដោយបេក្ខជនជើងខ្លាំងTOP7ក្នុងវគ្គមានចំនួន៧នាក់ មានដូចជា Bo Bo , រ៉ាមី, យូហៃ, ណាយទី, G-ONE ,ហ្សេដេស,និង Uzi Goofy ។ ទន្ទឹមនឹងកម្មវិធីស្វែងរកម្ចាស់ពានកម្មវិធីដ៏ធំនេះមានការប្រគំតន្រ្តីប្រចាំឆ្នាំដ៏ធំដោយតារាចម្រៀងរ៉េបបរទេសពីររូបក៏មានវត្តមានចូលរួមដូចគ្នាគឺតារាចម្រៀងរ៉េបដ៏ល្បីប្រចាំប្រទេសវៀតណាម គឺ Suboi និង តារារ៉េបប្រចាំប្រទេសជប៉ុន គឺ Awich ។
នៅពេលប្រកាសលទ្ធផល Producers ជូវី គឺជាអ្នកប្រកាសដោយបេក្ខជន យូហៃ បានក្លាយជាម្ចាស់ពាន The Rapper Cambodia រដូវកាលទី១ ដែលមកពីក្រុមរបស់ នរិទ្ធ ។ ជ័យជម្នះនេះបានផ្តល់នូវក្តីរំភើបចិត្តយ៉ាងខ្លាំងរហូតគ្រូបង្វឹក នរិទ្ធ បានស្រក់ទឹកភ្នែកនៅមុខទស្សនិកជនរាប់ម៉ឺននាក់។
គួរបញ្ជាក់ថា យូហៃ គឺជានិស្សិតឆ្នាំទី១ ផ្នែកគ្រប់គ្រង ខណៈដែលរូបគេចេះច្រៀងរ៉េបនេះគឺព្រោះតែខូចចិត្តដោយសារស្នេហាទើបយកការច្រៀងដើម្បីរៀបរាប់ពីការឈឺចាប់របស់ខ្លួន។ ក្នុងវគ្គ audition យូហៃ ទទួលបានការជាន់ហ្គែរចំនួន៣ ពីគ្រូបង្វឹក នរិទ្ធ, KingChi និង RuthKo ។ លើសពីនេះទៅទៀត យូហៃ មកប្រកួតដោយមានក្តីសង្ឃឹមពេញក្នុងខ្លួនរហូតរូបគេមានក្តីសង្ឃឹមដល់ទៅ ៤២០%ឯណោះ ហើយទីបំផុតរូបគេពិតជាធ្វើបានដូចការនិយាយមែន។
ជាមួយគ្នានេះដែរ អ្នកគាំទ្របានចូលរួមអបអរសាទរដល់ម្ចាស់ពាន The Rapper Cambodia រដូវកាលទី១នេះយ៉ាងច្រើនព្រមទាំងលើកឡើងថា យូហៃ ពិតជាស័ក្តិសមនឹងទទួលបានពាននេះ៕