នៅក្នុងឆ្នាំនេះប្រទេសវៀតណាមបានទទួលសិទ្ធិរៀបចំកម្មវិធីប្រកួតបវរកញ្ញាជាច្រើនសុទ្ធតែកម្មវិធីធំៗល្បីៗ មានដូចជា Miss Charm , Miss Grand International និង Miss Earth ជាដើម ខណៈបវរកញ្ញាតំណាងប្រទេសកម្ពុជាទៅចូលរួមកម្មវិធីទាំង៣នេះនៅប្រទេសវៀតណាមសុទ្ធតែមិនបានចូល TOP ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៣ បវរកញ្ញា ប៊ី សុធារី បេក្ខភាពតំណាងកម្ពុជាបានស្ពាយក្តីសង្ឃឹមរបស់អ្នកគាំទ្រចូលរួមកម្មវិធីប្រកួត Miss Charm នៅលើទឹកដីប្រទេសវៀតណាម។ ការដែលអ្នកគាំទ្រមានការរំពឹងខ្ពស់ដែលអាចកម្ពុជាចូល TOP នេះដោយសារតែ ប៊ី សុធារី ស្ពាយបទពិសោធពេញខ្លួនទៅជាមួយ ទាំង ម៉ូដែលមានបទពិសោធច្រើនឆ្នាំ ជាគ្រូបង្វឹកដើរម៉ូត ថែមទាំងធ្លាប់តំណាងប្រទេសកម្ពុជាដំបូងគេចូលប្រកួត Miss Universe ឆ្នាំ២០១៧ ថែមទៀត។ ទោះយ៉ាងណា ក្តីសង្ឃឹមរបស់អ្នកគាំទ្រត្រូវធ្លាក់ចុះវិញបន្ទាប់ពីការតំណាងប្រទេសរបស់ ប៊ី សុធារី នៅលើឆាក Miss Charm លើទឹកដី វៀតណាម រងបរាជ័យ មិនបានចូលTOPនៅក្នុងការប្រកួតឡើយ។ ដ្បិត ប៊ី សុធារី ពុំបានចូលTOPនៅក្នុងការប្រកួតតែឈុតតំណាងជាតិដែលយកទៅប្រកួតបានឈ្នះគេផងដែរ។
អ្នកគាំទ្រត្រូវបានខកចិត្តជាលើកទី២ នៅក្នុងកម្មវិធី Miss Grand International 2023 នៅលើទឹកដីវៀតណាម ដែលបានប្រព្រឹត្តិទៅកាលពីខែតុលា កន្លងមកនេះ ដោយខាងកម្ពុជាយើងបានបញ្ជូលបវរកញ្ញា ភឹម ស្រីនោ ទៅប្រកួតនៅក្នុងកម្មវិធីសម្រស់អន្តរជាតិ។ ទោះយ៉ាងណា ភឹម ស្រីនោ មិនបានទទួលជ័យជម្នះការប្រកួតមួយនេះឡើយដោយមិនបានចូលTOPនៅក្នុងការប្រកួតឬជ័យលាភីផ្សេងទៀត។
ក្តីសង្ឃឹមចុងក្រោយមួយទៀតនៅក្នុងការប្រកួតលើទឹកដីវៀតណាមក៏ត្រូវរងបរាជ័យដដែលដោយបេក្ខភាពតំណាងប្រទេសកម្ពុជា ពៅតាន់ ជេស៊ីកា មិនបានចូលTOPនៅក្នុងការប្រកួត Miss Earth កាលពីយប់ថ្ងៃទី២២ ធ្នូ នេះឡើយ។
ទោះបីជាបវរកញ្ញាតំណាងប្រទេសកម្ពុជារួមមាន ប៊ី សុធារី , ភឹម ស្រីនោ និង ពៅតាន់ ជេស៊ីកា ប្រកួតលើទឹកដីវៀតណាមក្នុងកម្មវិធីផ្សេងគ្នាមិនបានទទួលជ័យជម្នះក្តីប៉ុន្តែអ្នកគាំទ្រនូវតែលើកទឹកចិត្តដល់ពួកនាងព្រោះបវរកញ្ញាគ្រប់រូបបានប្រឹងប្រែងអស់ពីសមត្ថភាពហើយក្នុងការតំណាងប្រទេសចូលប្រកួតលើឆាកអន្តរជាតិនេះបានត្រឹមតែស្ពាយពាក្យថាសោកស្តាយតែប៉ុណ្ណោះ៕










