ប្រទេសថៃ ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ លោក Peeraphan Saleerathaviphak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពលប្រទេសថៃ បានបង្ហោះសារមួយនៅក្នុងហ្វេសប៊ុកថា ៖ «កាលពីថ្ងៃទី២២ ខែធ្នូ ខ្ញុំទទួលបានរបាយការណ៍ថា មានស្ថានីយចាក់ប្រេងមួយកន្លែងបានចាក់ប្រេងឱ្យអតិថិជនមិនគ្រប់ចំនួន ។ តាមការត្រួតពិនិត្យឃើញថា បទបញ្ជារបស់ក្រសួងពាណិជ្ជកម្មកំណត់ថា វាជាករណីខាតបង់ប្រាក់» ។
លោក Peeraphan Saleerathaviphak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពល យល់ឃើញថា វាជាការវាស់វែងតាមច្បាប់របស់ក្រសួងតែប៉ុណ្ណោះ ។ ទោះយ៉ាងណា ស្ថានីយចាក់ប្រេងឥន្ធនៈគួរចាក់ប្រេងឱ្យអតិថិជន តាមចំនួនលីត្រដែលអតិថិជនបានចំណាយប្រាក់ ពីព្រោះការចំណាយប្រាក់ថ្លៃប្រេង គឺអតិថិជនបានចំណាយប្រាក់គ្រប់តាមចំនួនលីត្រ មិនមែនចំណាយប្រាក់ដើម្បីខាតបង់ទេ ។
លោករដ្ឋមន្ត្រីក្រសួងថាមពលបន្តថា ៖ «ខ្ញុំនឹងយកករណីនេះទៅបញ្ចូលក្នុងដំណោះស្រាយច្បាប់ជួញដូរប្រេង ។ ខ្ញុំយល់ឃើញថា ច្បាប់នាពេលបច្ចុប្បន្ន នៅមានចន្លោះប្រហោងច្រើន ជាពិសេស អំណាចរបស់រដ្ឋមន្ត្រីក្នុងការដោះស្រាយបញ្ហាឱ្យពលរដ្ឋ ដូចជាករណីនេះ ពិតជាមានអំណាចតិចណាស់» ។
ទោះយ៉ាងណា ខ្ញុំបានចេញលិខិតណែនាំដល់នាយកក្រុមហ៊ុន PTT ឱ្យដោះស្រាយករណីនេះជាបន្ទាន់ ហើយខ្ញុំក៏បានបញ្ជាទៅអគ្គនាយកដ្ឋានអាជីវកម្មថាមពល ដែលគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេសថៃ ឱ្យដោះស្រាយបញ្ហានេះផងដែរ ។ លើសពីនេះ ខ្ញុំក៏បានប្រគល់តួនាទីនេះទៅឱ្យប្រធានទីប្រឹក្សារបស់ខ្ញុំ ទទួលខុសត្រូវ ។
លោកបញ្ជាក់ថា សូមឱ្យពលរដ្ឋទាំងអស់មានទំនុកចិត្តថា ក្រសួងថាមពលសម័យនេះនឹងមិនព្រងើយកន្តើយទៅលើបញ្ហារបស់ពលរដ្ឋទេ ។ យើងនឹងព្យាយាមដោះស្រាយបញ្ហាឱ្យអស់ពីសមត្ថភាពតាមច្បាប់បច្ចុប្បន្នបានកំណត់ ។ នៅថ្ងៃខាងមុខ នឹងមានការធ្វើវិសោធនកម្មច្បាប់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានគ្រប់ជ្រុងជ្រោយ ។ ហេតុនេះ បញ្ហាថាមពល វាមិនគ្រាន់តែជាការរៀបចំរចនាសម្ព័ន្ធឡើងវិញទេ ប៉ុន្តែវាទាមទារឱ្យសើរើប្រព័ន្ធទាំងមូល ៕ ប្រភព ៖ daily news










