ប្រទេសថៃ ៖ គេសង្កេតឃើញថា តាំងពីអាកាសធាតុកាន់តែត្រជាក់ខ្លាំងនៅប្រទេសថៃ សិស្ស-និស្សិត និងពលរដ្ឋមានប្រាក់ចំណូលតិចនៅខេត្តបុរីរាំ បាននាំគ្នាទិញសម្ភារៈជជុះ ដូចជា ៖ មួកក្រណាត់, កន្សែងបង់ក និងអាវរងា ដែលអាជីវករដាក់លក់នៅតាមផ្សារណាត់ជាច្រើនកន្លែង ។ ប៉ុន្តែអាជីវករនិយាយថា អតិថិជនទិញខោអាវជជុះ គួរតែបោកគក់វាឱ្យបានស្អាតសិន ដើម្បីកុំឱ្យឆ្លងមេរោគ ។
ការិយាល័យឧតុនិយមថៃបានប្រកាសថា នៅខេត្តភាគខាងជើង និងភាគឦសាន សីតុណ្ហភាពនឹងធ្លាក់ចុះពី១អង្សារសេ ទៅ២អង្សារសេ ។ ហេតុនេះ អាជីវករទាំងឡាយបានយកអាវរងាជជុះចេញពីស្តុកមកដាក់លក់ឱ្យអតិថិជន ហើយនៅខែធ្នូ ឆ្នាំ២០២៣ ការលក់សម្ភារៈជជុះបានកក់កបយ៉ាងខ្លាំង ។ អាជីវករប្រាប់ថា ពួកគេអាចរកប្រាក់ចំណូលបានរហូតដល់២ម៉ឺនបាតឯណោះក្នុង១ថ្ងៃ ខណៈថ្ងៃធម្មតា អាចរកប្រាក់បានតែជាង១ពាន់បាត ។
សារព័ត៌មានថៃបានរាយការណ៍នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ថា ប្រទេសថៃកាន់តែមានអាកាសធាតុត្រជាក់ខ្លាំង ខណៈការិយាល័យឧតុនិយមព្យាករថា នៅខេត្តភាគខាងជើង និងភាគឦសាន នឹងមានសីតុណ្ហភាពធ្លាក់ចុះពី១អង្សារសេ ទៅ២អង្សារសេ ។ ជាក់ស្តែង នៅខេត្តបុរីរាំ សីតុណ្ហភាពបានធ្លាក់ចុះមកស្មើនឹង១៤អង្សារសេ ឬ១៥អង្សារសេ ហើយសីតុណ្ហភាពនឹងធ្លាក់ចុះបន្ថែមទៀត ។ ហេតុនេះ ធ្វើឱ្យការទិញអាវរងាជជុះនៅតាមផ្សារណាត់ក្នុងខេត្តបុរីរាំ មានសភាពអ៊ូអរឡើងវិញ ។
ជាក់ស្តែង ផ្សារណាត់នៅទល់មុខសាលាស្រុកបុរីរាំ ខេត្តបុរីរាំ គេបានឃើញមន្ត្រីរាជការ, ពលរដ្ឋទូទៅ, កូនសិស្ស-និស្សិត និងអ្នកមានប្រាក់ចំណូលតិច ដែលចង់សន្សំសំចៃប្រាក់បាននាំគ្នាទៅទិញមួកក្រណាត់, កន្សែងបង់ក និងអាវរងាជជុះមានតម្លៃថោកៗពីអាជីវករ ។ តម្លៃរបស់របរជជុះទាំងនេះ គឺចាប់ពី១០បាត ទៅ២០០បាត ហើយអាស្រ័យលើប្រភេទសាច់ក្រណាត់នីមួយៗ ។
សម្លៀកបំពាក់ជជុះមានតម្លៃថោកខ្លាំង បើធៀបនឹងសម្លៀកបំពាក់ថ្មីដែលដាក់លក់នៅតាមហាង ។ ហេតុនេះ ធ្វើឱ្យអ្នកមានចំណូលតិចនាំគ្នាទិញក្នុងចំនួនច្រើន ដើម្បីពាក់ពេលអាកាសធាតុត្រជាក់ខ្លាំង ខណៈអ្នកខ្លះបានទិញផ្ញើកូនចៅ និងសាច់ញាតិ ។ សម្លៀកបំពាក់ជជុះដែលអាជីវករយកមកលក់នៅខេត្តបុរីរាំ គឺពួកគេទិញមកពីផ្សាររុងក្លឿ ស្ថិតនៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។ ប៉ុន្តែអាជីវករបានណែនាំឱ្យអតិថិជនយកសម្លៀកបំពាក់ទាំងនេះទៅបោកគក់ ឬសម្លា.ប់មេរោគសិន មុននឹងយកវាមកពាក់ ។
ពលរដ្ឋម្នាក់ដែលមកទិញអាវរងាជជុះប្រាប់ថា គាត់កំពុងសន្សំសំចៃការចំណាយ ។ ហេតុនេះ នៅរដូវរងា គាត់បានទិញមួក, កន្សែង និងអាវរងាជជុះ ដោយសារវាមានតម្លៃថោកជាងខោអាវថ្មី ។ មុនពេលពាក់ គាត់បានយកវាទៅបោកឱ្យស្អាត និងហាលថ្ងៃឱ្យងា.ប់មេរោគសិនដើម្បីសុវត្ថិភាព ៕
ប្រភព ៖ naewna










