ប្រទេសអូស្ត្រាលី ៖ យោងតាមការស្រាវជ្រាវមួយរបស់ Monash Business School បង្ហាញថា ការទិញកាដូសម្រាប់ពិធីបុណ្យគ្រិស្តម៉ាសនៅឆ្នាំ២០២៣ នេះ អ្នកទិញកាដូនៅប្រទេសអូស្ត្រាលី ស្មើនឹង៥១% បានចាប់ផ្តើមស្វែងរកទិញកាដូមិនប៉ះពាល់បរិស្ថាន ឬហៅថា កាដូជជុះ ដែលនៅតែមានសភាពស្រស់ស្អាត ។
ម្ចាស់ហាងលក់សម្ភារៈជជុះ និងសម្ភារៈមិនប៉ះពាល់បរិស្ថានមួយកន្លែងឈ្មោះ Tiffany Inglis រៀបរាប់ថា នៅឆ្នាំ២០២៣ មានអតិថិជនកាន់តែច្រើនបាននាំគ្នាមកទិញកាដូគ្រិស្តម៉ាសពីហាងរបស់ខ្លួន ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព និងកាត់បន្ថយការចំណាយប្រាក់ ។
ម្ចាស់ហាងរូបនេះបន្តថា ការលក់សម្ភារៈក្នុងហាងនេះ បានកើនឡើងខ្ពស់ជាងកាលពីខែធ្នូ ឆ្នាំ២០២២ ប្រមាណ២០% ។ លើសពីនេះ មនុស្សមួយចំនួនបានមកទិញចានជជុះពីហាង ដើម្បីយកទៅប្រើប្រាស់ក្នុងពិធីជប់លៀងគ្រិស្តម៉ាសទៀតផង ខណៈអ្នកខ្លះទៀតបានមកជួលចានពីហាង ហើយពួកគេយកចានមកប្រគល់ឱ្យហាងវិញពេលជប់លៀងរួចរាល់ ។
ម្ចាស់ហាងលក់សម្ភារៈជជុះឈ្មោះ Tiffany Inglis និយាយថា ៖ «កាលពីមុន មនុស្សគ្រប់គ្នាតែងតែជឿថា របស់របរជជុះមិនល្អទេ ប៉ុន្តែបច្ចុប្បន្ន គំនិតនេះបានផ្លាស់ប្តូរហើយ ដោយមនុស្សភាគច្រើនចាប់ផ្តើមចាប់អារម្មណ៍ទិញរបស់របរជជុះ» ។
ចំណែកពលរដ្ឋខ្មែរយើងវិញ តើគិតបែបណាដែរ? បើយើងទិញរបស់របរជជុះយកទៅធ្វើជាកាដូប្រគល់ឱ្យអ្នកណាម្នាក់ តើល្អទេ? ប្រភព ៖ environman










