ប្រទេសចិន៖ បន្ទាប់ពីការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ ឧស្សាហកម្មត្រចៀកកាំបានក្លាយជាសសរស្តម្ភនៃស្រុក Zhongyang ខេត្ត Shanxi ប្រទេសចិន ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ការរស់ឡើងវិញនៅតាមជនបទ។
យោងតាមទិន្នផលផ្សិតត្រចៀកកាំស្ងួតនៅក្នុងស្រុក Zhongyang ខេត្ត Shanxi ភាគខាងជើងប្រទេសចិនក្នុងឆ្នាំនេះឈានដល់ ២.៤ លានគីឡូក្រាម ដែលនាំមកនូវប្រាក់ចំណូលចំនួន ១៥០ លានយន់ (ប្រមាណ ២១.១៦ លានដុល្លារអាមេរិក) ជួយឱ្យប្រាក់ចំណូលរបស់កម្មករជាង ៨.០០០ នាក់កើនឡើងជាមធ្យម ៤,៥០០ យន់ (ប្រមាណ ៦៣០ ដុល្លារអាមេរិក) បើធៀបនឹងឆ្នាំ ២០២២។
Zhongyang ធ្លាប់ជាស្រុកក្រីក្រកម្រិតជាតិក្នុងប្រទេសចិន ដែលមានទីតាំងនៅតំបន់ភ្នំ។ ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្នស្រុកដ៏ក្រីក្រនេះមានគម្របព្រៃឈើ ៤៩% ហើយអាកាសធាតុគឺសមរម្យសម្រាប់ការរីកលូតលាស់ផ្សិតដែលអាចបរិភោគបាន រួមទាំងផ្សិតត្រចៀកកាំផងដែរ ដែលធ្វើឱ្យអ្នកស្រុកនៅជនបទនេះមានភាពធូរធារជាងមុន។
លោក Guo Baoping អ្នកស្រុកនៅខេត្ត Shanxi បាននិយាយថា តម្លៃផ្សិតត្រចៀកកាំស្ងួតក្នុងឆ្នាំនេះឡើងដល់ ៥០ យន់ (ប្រមាណ ៧ ដុល្លារ) ក្នុងមួយគីឡូក្រាម។ គាត់សប្បាយចិត្តខ្លាំងណាស់ដែលគាត់បានជ្រើសរើសត្រឹមត្រូវនៅពេលដាំផ្សិតត្រចៀកកាំអស់ជាច្រើនឆ្នាំកន្លងមកនេះ។
បច្ចុប្បន្នអ្នកស្រុក Zhongyang បានប្រកាសផែនការសកម្មភាពរយៈពេលបីឆ្នាំបន្ទាប់ដើម្បីជំរុញការអភិវឌ្ឍផ្សិតត្រចៀកកាំដែលមានគុណភាពខ្ពស់ ដោយផ្តល់អាទិភាពដល់ការកសាងយីហោ និងពង្រីកបណ្តាញចែកចាយ។ លោក Liu Wei ប្រធានផ្នែកកសិកម្មជនបទនៃស្រុកបាននិយាយថា “យើងក៏មានបំណងប្រែក្លាយផ្សិតត្រចៀកកាំទាំងនេះទៅជាម៉ាកល្បីរបស់ប្រទេសផងដែរ”៕










