ប្រាសាទចៅសាយទេវតា គឺជាប្រាសាទមួយដែលមានសម្រស់ស្រស់ស្អាតមិនចាញ់ប្រាសាទនានាក្នុងតំបន់អង្គរ និងស្ថិតនៅខាងក្រៅទ្វារជ័យនៃផ្លូវចូលអតីតរាជធានីអង្គរធំ កើតប្រាសាទបាយ័ន ទល់មុខប្រាសាទធម្មនន្ទ ដែលមានចម្ងាយប្រហែលជា ១៣គីឡូម៉ែត្រពីទីក្រុងសៀមរាប។
ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សទី១១ និង ដើមសតវត្សទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះហាក់ដូចជាឈរជាដៃគូជាមួយប្រាសាទធម្មនន្ទ ហើយប្រាសាទទាំងពីរនេះមានរូបរាងប្រហាក់ប្រហែលគ្នាថែមទៀតផង។
ប្រាសាទចៅសាយទេវតា ជាប្រាសាទមួយមានទ្រង់ទ្រាយតូច និងមធ្យមក្នុងចំណោមប្រាសាទរចនាបថអង្គរវត្ត ជាប្រាសាទមួយមានចម្លាក់ក្បូរក្បាច់ល្អវិចិត្រ តួប្រាសាទមានរាងតូចច្រឡឹង រចនាបថស្ថាបត្យកម្មមានលក្ខណៈពេញលេញស្មើគ្នា មានភាពលំដាប់លំដោយ និងសម្បូរបែប ហើយសំណង់នីមួយៗនៃប្រាសាទមានលក្ខណៈច្បាស់លាស់រវាងគោល និងបន្ទាប់បន្សំ មានភាពរស់រវើកដែលបង្កើតបានជាលក្ខណៈពិសេសរបស់ខ្លួន៕










