ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន Daily Telegraph ប្រទេសអង់គ្លេសបានរាយការណ៍ថា កូនសិស្សកូរ៉េខាងត្បូងចំនួន៣៩នាក់បានដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ ដើម្បីទាមទារប្រាក់ជំងឺចិត្តចំនួន២០លានវ៉ុនសម្រាប់ពួកគេម្នាក់ៗ ។ ទឹកប្រាក់ចំនួននេះ គឺសម្រាប់ទុកឱ្យពួកគេចាយវាយលើការសិក្សាក្នុង១ឆ្នាំ ដើម្បីប្រឡងចូលសាកលវិទ្យាល័យជាថ្មី ។
ករណីនេះបានកើតឡើងនៅពេលសិស្សទាំងនេះកំពុងតែប្រឡងចូលរៀននៅសាកលវិទ្យាល័យមួយកន្លែង ប៉ុន្តែគ្រូបានប្រាប់ឱ្យពួកគេឈប់ឆ្លើយសំណួរបន្តទៀត ហើយគ្រូក៏បានប្រមូលក្រដាសប្រឡងពីពួកគេ មុនពេលកំណត់៩០វិនាទី ។
មេធាវីល្បីឈ្មោះម្នាក់ដែលធ្វើជាអ្នកតំណាងឱ្យសិស្ស បានលើកឡើងអំពីកំហុសឆ្គងរបស់គ្រូ ដោយសារបានប្រកាសឱ្យការប្រឡងត្រូវបញ្ចប់មុនពេលវេលា ។ ហេតុនេះ វាធ្វើឱ្យសិស្សក្នុងសាលាមួយនៅទីក្រុងសេអ៊ូល ទទួលបានពិន្ទុមិនល្អ ។ កំហុសឆ្គងរបស់គ្រូបានកើតឡើងក្នុងពេលសិស្សកំពុងតែប្រឡងមុខវិជ្ជាភាសាកូរ៉េ ដែលជាមុខវិជ្ជាដំបូងក្នុងថ្ងៃប្រឡង ។
សារព័ត៌មាន Yonhap រាយការណ៍ថា ក្រោយពីបានទទួលស្គាល់កំហុសនេះ ខាងសាលារៀនក៏បានចែកប្រដាសប្រឡងឱ្យសិស្សវិញនៅពេលអាហារថ្ងៃត្រង់ ហើយសាលារៀនក៏អនុញ្ញាតឱ្យពួកគេប្រឡងបន្តទៀតរយៈពេល៩០វិនាទី ។ ប៉ុន្តែសាលាមិនអនុញ្ញាតឱ្យពួកគេផ្លាស់ប្តូរចម្លើយរបស់ខ្លួន ដែលបានឆ្លើយកាលពីពេលមុនទេ ។
ករណីនេះស្រដៀងគ្នានឹងករណីមួយដែលបានកើតឡើងកាលពីឆ្នាំ២០២០ នៅពេលសិស្សកូរ៉េខាងត្បូងរៀននៅសាលារៀនស្ត្រី ព្រមទាំងអាណាព្យាបាលពួកគេបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋាភិបាល ដោយសារការប្រមូលក្រដាសប្រឡងមុនពេលកំណត់៣នាទី ។ វាជារឿងមួយគួរឱ្យចាប់អារម្មណ៍ ពីព្រោះក្រុមសិស្សស្រីបានឈ្នះក្តីនៅពេលនោះ ហើយតុលាការឧទ្ធរណ៍កូរ៉េខាងត្បូងបានកាត់ក្តីឱ្យរដ្ឋាភិបាលសងប្រាក់ទៅក្មេងៗ ប្រមាណ៧លានវ៉ុនក្នុងម្នាក់ ៕
ប្រភព ៖ mgronline










