តារាចម្រៀងជើងចាស់ទឹកដមសំនៀងពីរោះក្រអួនក្រអៅ អ្នកនាង ម៉េង កែវពេជ្ជតា មានភាពរំភើបចិត្តយ៉ាងខ្លាំងរហូតដល់អ្នកនាងថាឃើញសំណេររបស់ហ្វេនភ្លាមយំតែម្តង។ អត្ថន័យរបស់ហ្វេនបានលើកឡើងពី ម៉េង ពេជ្ជតាសង្វាពេជ្រ ហៅអូនផ្អែម ដែលត្រូវជាកូនស្រីរបស់តារាចម្រៀងរូបនេះថាមាន «ម្តាយខ្លាកូនក៏ខ្លា ម្តាយខ្លាំងកូនក៏ខ្លាំង»។ ការសរសើរពីហ្វេននេះបន្ទាប់ពីអូនផ្អែមនិងម្តាយបានសម្តែងរួមគ្នានៅព្រឹត្តិការណ៍រាត្រីចងចាំកាលពីកន្លងមកនេះកូនស្រីជាអ្នកលេងឧបករណ៍បុរាណខ្មែរ ចំណែកឯម្តាយជាអ្នកបកស្រាយបទចម្រៀង។
គណនីមួយបានសរសេរថា «ដូចពាក្យចាស់លោកពោលមិនខុសមែន ម្តាយខ្លាកូនក៏ខ្លា ម្តាយខ្លាំងកូនក៏ខ្លាំង មិនសរសើរម្តាយកូនគាត់មិនបានមែនគួរឱ្យគោរពយកជាគម្រូណាស់»។ ត្រឹមពាក្យប៉ុន្មានម៉ាត់នេះប៉ុណ្ណោះបានឆាបឆក់បេះដូងអ្នកនាង ម៉េង កែវពេជ្ជតា ឱ្យរំភើបចិត្តយ៉ាងខ្លាំងព្រោះជាការសរសើរដោយស្មោះរបស់ហ្វេនមកកាន់ខ្លួនដែលមិនមែនជាការទិញដូរ។
អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១៩ ធ្នូ ថា «គ្រាន់តែឃើញខមិន អូនយំ រំភើបពេក។ កម្លាំងចិត្តខ្លាំងបំផុតសម្រាប់ពួកយើងគឺ ការមើលឃើញអំពីសមត្ថភាពរបស់ពួកយើង និងការកោតសរសើរដោយស្មោះសចេញពីបេះដូងដែលមិនមែនជាការទិញឬជួល ។ ម្តាយម្នាក់នេះ នឹងបន្តដឹកនាំកូនៗឱ្យដើរក្នុងគន្លងសុច្ចរិតនិងពេញដោយសមត្ថភាពនិងគុណភាពខ្ពស់ឱ្យសមនឹងទេពកោសល្យដែលដូនតាផ្តល់ឱ្យកូនចៅ និងដើម្បីឱ្យសមទៅនឹងការជឿជាក់អំពីទស្សនិកជនតជំនាន់ ។ សូមអរគុណដោយក្តីគោរពអំពីគ្រួសារ ម៉េង កែវ យើងខ្ញុំ»។
ការសរសើរពីសំណាក់ហ្វេនទៅកាន់អ្នកនាង ម៉េង កែវជ្ជតា និងកូនស្រី បន្ទាប់ពីអ្នកទាំងពីរបានរួមគ្នាបំពេអារម្មណ៍មហាជននៅក្នុងព្រឹត្តិការណ៍រាត្រីចងចាំកន្លងមកនេះនៅលើទឹកដីខេត្តសៀមរាប។ ម្តាយជាបង្ហើរសំនៀងដ៏អន្លង់អន្លោយជាមួយបទចម្រៀងដ៏មានអត្ថន័យចំណែកឯកូនស្រីលេងឧបករណ៍បុរាណខ្មែរចំប៉ីដងវែងបានដោយស្ទាត់ជំនាញ។
មិនត្រឹមតែឧបករណ៍បុរាណខ្មែរប៉ុណ្ណោះទេ តែ ម៉េង ពេជ្ជតាសង្វាពេជ្រ ហៅអូនផ្អែម ក៏អាចលេងឧបករណ៍សម័យបានដូចគ្នារួមទាំងអាចបកស្រាយបទចម្រៀងបានថែមទៀតពិតជាមានដុងសិល្បៈខ្ពស់មិនខុសពីម្តាយឡើយទើបទទួលបានការសរសើរពីហ្វេនៗដូចនេះ៕.jpg)










