នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋាន បានឱ្យដឹងថាពហុកីឡដ្ឋានខេត្តព្រះសីហនុ នឹងលេចរូបរាងឡើងនៅពេលដ៏ខ្លីខាងមុខ ដែលអាចផ្ទុកអ្នកចូលរួមទស្សនាបានប្រមាណ ៣១,៥០០នាក់។
ការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ គឺដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត។
ជិពិសេស វានឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកំសាន្តក្នុងខេត្តនេះព្រមទាំងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ។
គួរបញ្ជាក់ផងដែរថា ពហុកីឡដ្ឋានថ្មីនេះ អាចផ្ទុកមនុស្សប្រមាណ ៣១,៥០០នាក់ មានហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍ អគារសារមន្ទីរ សាលមហោស្រព និងរចនាសម្ព័ន្ធជាច្រើនទៀត ហើយនឹងត្រូវសាងសង់បែបសហសម័យ មានបញ្ចូលនូវអត្តសញ្ញាណជាតិ និងធានាបាននូវគុណភាពគង់វង្សយូរអង្វែងដូចអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ៕










