យោងតាមរបាយការណ៍របស់ Google បង្ហាញថា ជនជាតិវៀតណាមចាប់អារម្មណ៍ធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេស ស្របពេលតម្លៃសំបុត្រយន្តហោះនៅប្រទេសវៀតណាមកើនឡើងខ្ពស់ ។ របាយការណ៍នេះបង្ហាញថា តៃវ៉ាន់ គឺជាគោលដៅទេសចរណ៍ទី១ ដែលជនជាតិវៀតណាមបានស្វែងរកច្រើនបំផុត បន្ទាប់មក គឺប្រទេសថៃ និងតំបន់អឺរ៉ុប ស្ថិតក្នុងលំដាប់ទី២ និងទី៣ ។
បើតាមរបាយការណ៍របស់ការិយាល័យទេសចរណ៍ជាតិវៀតណាមបញ្ជាក់ថា ចាប់ពីខែមករា រហូតដល់តុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរវៀតណាមរហូតដល់៣៣ម៉ឺន២ពាន់នាក់បានធ្វើដំណើរទៅកម្សាន្តនៅតៃវ៉ាន់ ។ ចំនួននេះប្រហាក់ប្រហែលគ្នានឹងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ដែលស្មើចំនួន៤០៥.៤០០នាក់ (ស្មើជាង៤០ម៉ឺននាក់) នៅឆ្នាំ២០១៩ ។
ចំណែកប្រទេសថៃបានទទួលភ្ញៀវទេសចរវៀតណាមចំនួន៩០ម៉ឺននាក់ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣ ឬជិតទ្វេដងនៃចំនួនភ្ញៀវទេសចរថៃដែលធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ។
ខាងក្រោមនេះ គឺជាតំបន់ទេសចរណ៍ចំនួន១០ ដែលជនជាតិវៀតណាមស្វែងរកច្រើនបំផុត រួមមាន ៖
១-តៃវ៉ាន់
២-ប្រទេសថៃ
៣-តំបន់អឺរ៉ុប
៤-ទីក្រុង Ha Sang ៖ ស្ថិតនៅតំបន់ខ្ពង់រាបខាងជើងនៃប្រទេសវៀតណាម
៥-ទីក្រុង Can Tho ៖ ស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ និងល្បីល្បាញពីផ្សារបណ្តែតទឹក
៦-កោះបាលី ប្រទេសឥណ្ឌូណេស៊ី
៧-ប្រទេសសិង្ហបុរី
៨-កោះ Phu Quoc (កោះត្រល់) ៖ ស្ថិតនៅភាគខាងត្បូងវៀតណាម បច្ចុប្បន្ន ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់កោះ Phu Quoc បានធ្លាក់ចុះ ហើយធ្វើឱ្យការតភ្ជាប់ផ្លូវធ្វើដំណើរទៅកាន់កោះនេះត្រូវផ្អាក ។
៩-កោះ Phung ៖ គឺជាកោះមួយសម្បូរផ្លែឈើជាច្រើនប្រភេទ ជាពិសេស ផ្លែដូង រួមទាំងអាហារឆ្ងាញ់ៗរបស់ជនជាតិវៀតណាមរស់នៅតំបន់អាគ្នេយ៍
១០-ទីក្រុង Buon Ma Thuot ៖ គឺជាទីក្រុងដ៏ធំបំផុតស្ថិតក្នុងតំបន់ខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាម ឬត្រូវបានគេហៅឈ្មោះថា «ទីក្រុងកាហ្វេ» ៕
ប្រភព ៖ AEC connect










