បរទេស៖ ប្រទេសចិនដែលត្រូវបានគេស្គាល់ថាជាប្រទេសនិយមផឹកតែច្រើនជាងគេបំផុត ប៉ុន្តែឥឡូវនេះចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយខ្លួនជាទីផ្សារខ្សែសង្វាក់កាហ្វេដ៏ធំបំផុតរបស់ពិភពលោក។
យោងតាមប្រភពព័ត៌មាន CNN ដែលបានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូថា ហាងកាហ្វេម៉ាកយីហោនៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានកើនឡើង ៥៨% ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ដែលឈានដល់ ៤៩,៦៩១។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបច្ចុប្បន្នមានហាងកាហ្វេត្រឹមតែ ៤០,០៦២ ប៉ុណ្ណោះ ។ ហាងកាហ្វេម៉ាកយីហោគឺជាគំនិតមួយដែលសំដៅទៅលើហាងដែលផ្ទុកម៉ាកល្បីៗ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន។ លក្ខណៈទូទៅរបស់ហាងគឺវាដំណើរការនៅក្នុងខ្សែសង្វាក់មួយ ដោយមានការរចនាខាងក្នុងឯកសណ្ឋាន ម៉ឺនុយស្តង់ដារ និងផ្តល់ជាប្រចាំនូវផលិតផលម៉ាកជាក់លាក់។
ដូច្នេះហើយ បច្ចុប្បន្នកំណើននៅក្នុងប្រទេសចិនត្រូវបានដឹកនាំដោយការពង្រីកយ៉ាងឆាប់រហ័សនៃហាងតូចៗ និងគំនិតដែលផ្តោតលើការដឹកជញ្ជូនរបស់ Luckin Coffee និង Cotti Coffee ដែលបានបន្ថែមហាងថ្មីៗចំនួន ៥,០៥៩ និង ៦,០០៤ រៀងៗខ្លួន។ ហាងកាហ្វេ Luckin ដែលបង្កើតឡើងកាលពី ៦ ឆ្នាំមុន សព្វថ្ងៃមានហាងចំនួន ១៣,២៧៣ និងជាហាងកាហ្វេដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះ។ រីឯ Starbucks វិញបានបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសចិនកាលពីឆ្នាំ ១៩៩៩ ដោយបច្ចុប្បន្នជាហាងធំទីពីរ។
យោងតាមការស្ទង់មតិបានរាយការណ៍ថាជាង ៩០% នៃអ្នកប្រើប្រាស់ហាងកាហ្វេចិនចំនួន ៤,០០០ បានផឹកកាហ្វេក្តៅរៀងរាល់សប្តាហ៍ ខណៈដែល ៦៤% ទៀតបានផឹកកាហ្វេទឹកកកយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ និង៨៩% នៃអតិថិជនមកហាង ឬបញ្ជាទិញយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ នេះបើតាម World Coffee Portal ក៏បានព្យាករណ៍ដែរថា កំណើនហាងកាហ្វេតាមខ្សែសង្វាក់ក្នុងប្រទេសចិននឹងផ្ទុះឡើងក្នុងអត្រា ២៤% នៅឆ្នាំ ២០២៤។
លោក Jeffrey Young ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Allegra Group រួមទាំងម្ចាស់ក្រុមហ៊ុន World Coffee Portal ក៏បានវាយតម្លៃដែរថា ទីផ្សារហាងកាហ្វេអាស៊ីបូព៌ាបច្ចុប្បន្ននេះកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារការពង្រីកហាងដ៏អស្ចារ្យនៅក្នុងប្រទេសចិន ដែលនឹងក្លាយជាមហាអំណាចយ៉ាងឆាប់រហ័សក្នុងឧស្សាហកម្មកាហ្វេពិភពលោក៕










