កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមអ្នកការពារបរិស្ថាននិងអភិរក្សសត្វព្រៃកម្ពុជាបានសម្តែងនូវសេចក្តីសោមនោសរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានរកឃើញសត្វឆ្កែព្រៃដ៏កម្រ១គូរនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។

បើយោងទៅតាមមន្រ្តីអភិរក្សនៃក្រសួងបរិស្ថាន និងអង្គការមូលនិធិពិភពលោកប្រចាំនៅកម្ពុជា (WWF) បានឲ្យដឹងថានៅពេលដែលពួកគេដើរយាមល្បាតនៅម្តុំព្រៃស្រែពក ខេត្តមណ្ឌលគិរីនោះ គឺបានប្រទះឃើញឆ្កែមួយគូរ ដែលត្រូវបានគេស្គាល់ថាជាពូជឆ្កែអាស៊ីដ៏កម្រ។ ពូជឆ្កែ Cuon alpinus ដែលគេហៅថាឆ្កែព្រៃអាស៊ីនេះ បច្ចុប្បន្នកំពុងតែត្រូវជិតបានដាច់ពូជហើយជាបណ្តើរៗហើយ បើតាមការប៉ាន់ប្រមាណបានឲ្យដឹងថាពួកវានៅសេសសល់ត្រឹមតឺ២៥០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក។ ម៉្យាងវិញទៀត ឆ្កែប្រភេទនេះក៏ត្រូវបានចុះនៅក្នុងបញ្ជីក្រហមរបស់សហភាពអភិរក្សធម្មជាតិអន្តរជាតិ IUCN ទៀតផង។

WWF បានបញ្ជាក់ឲ្យដឹងទៀតថា ឆ្កែប្រភេទនេះគឺវាមានសមត្ថភាពពិសេសនៅក្នុងការសម្លាប់សត្វដទៃទៀតដែលធំជាងខ្លួន បានរហូតដល់ទៅ១០ដងនៃទម្ងន់របស់វាឯណ្ណោះ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺចំនួនពួកវាដែលមានវត្តមាននៅក្នុងទឹកដីប្រទេសកម្ពុជាគឺកំពុងតែមានការថមថយជាលំដាប់។ អម្បូរសត្វព្រៃដ៏កម្រនេះ គឺត្រូវបានគំរាមកំហែងពីព្រានព្រៃនៅក្នុងដាក់អន្ទាក់ពួកវា ការបាត់បង់ទីជម្រក និងការឆ្លងជំងឺផ្សេងៗពីសត្វឆ្កែស្រុកជាដើម។

ទោះជាយ៉ាងណា ក៏សូមសរសើរនិងសូមអគុណដល់ លោកសេង ទៀក នាយកអង្គការ WWF ប្រចាំនៅកម្ពុជា មន្ត្រីអភិរក្សសត្វព្រៃ និងក្រុមអ្នកយាមល្បាតទាំងអស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការអភិរក្សសត្វព្រៃ និងព្រៃឈើដែលជាដែនជម្រកសត្វព្រៃគ្រប់ប្រភេទ។ លោកនាយកអង្គការ WWF ក៏បានសំណូមពរទៅកាន់ប្រជាពលរដ្ឋគ្រប់រូប គួរតែជៀសវាងការបរិភោគសត្វព្រៃ ការជួញដូរ ការដាក់អន្ទាក់ ក៏ដូចជាបញ្ឈប់សកម្មភាពបរបាញ់គ្រប់ទម្រង់ ដើម្បីការពារដែនជម្រកសត្វព្រៃ ក៏ដូចជារក្សាបាននូវសត្វព្រៃមិនឲ្យផុតពូជនៅក្នុងប្រទេសកម្ពុជាយើងនិងពិភពលោកទាំងមូលផងដែរ៕