បរទេស៖ អ្នកវិទ្យាសាស្ត្ររុស្ស៊ីម្នាក់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ បន្ទាប់ពីគាត់ត្រូវបានជាប់ពន្ធនាគាររយៈពេល ១០ ខែកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងមក នៅពេលដែលប្រព័ន្ធ AI បានកំណត់ថាមុខរបស់គាត់ដូចគ្នានឹងឃាតកកាលពី ២០ ឆ្នាំមុនរហូតទៅដល់ ៥៥%។
យោងតាមប្រភពព័ត៌មាន Addity Central ដែលបាចុះផ្សាយនៅថ្ងៃទី១៣ ខែឆ្នូថា អ្នកជំនាញផ្នែកធារាសាស្ត្ររុស្សី លោក Aleksandr Testevkov ត្រូវបានជាប់ពន្ធនាគាររយៈពេល ១០ ខែបន្ទាប់ពីបញ្ញាសិប្បនិមិត្ត (AI) បានធ្វើការវិភាគមិនត្រឹមត្រូវ និងបានកំណត់ថា អ្នកវិទ្យាសាស្ត្រនេះត្រូវគ្នានឹងគំនូរព្រាងរបស់ជនល្មើសរហូតទៅដល់ ៥៥%។
លោក Alexander ត្រូវបានចាប់ខ្លួនក្នុងខែកុម្ភៈឆ្នាំ ២០២៣ នេះបន្ទាប់ពីគាត់ត្រូវបានចោតប្រកាន់ថាមានមុខមាត់ដូចឃាតកកាលពី ២០ ឆ្នាំមុនដែលអ្នកស៊ើបអង្កេតបានកំណត់ថាមានឃាតកម្មជាបន្តបន្ទាប់នៅទីក្រុងម៉ូស្គូ។
កន្លងមកប៉ូលីសបានចាប់ខ្លួនឧក្រិដ្ឋជនមួយចំនួនដោយពួកគេភាគច្រើនគ្មានផ្ទះសម្បែងទេ ហើយចំណាយពេលផឹក ជក់បារីជាក្រុម ដោយជនដៃដល់ទាំងនោះមានស្នាមសាក់ចិញ្ចៀននៅលើម្រាមដៃ។ ប៉ុន្តែចំពោះលោក Alexander វិញគឺគាត់មានផ្ទះសម្បែងរស់នៅធម្មតា និងមិនដែលជក់បារី ដោយសារតែមានបញ្ហាសួត ក៏ដូចជាមិនមានស្នាមសាក់អ្វីឡើយ។
យោងតាមសហការីរបស់លោក Alexander ក៏បានបញ្ជាក់ដូច្នេះដែរថា នៅពេលកើតហេតុ ពួកគេនៅចម្ងាយរាប់រយគីឡូម៉ែត្រពីឧប្បត្តិហេតុរួម។ ប៉ុន្តែប៉ូលីសបានសម្រេចចិត្តជឿជាក់លើបញ្ញាសិប្បនិម្មិត ហើយបានចាប់អ្នកវិទ្យាសាស្ត្រទៅឃុំឃាំង ហើយក៏ត្រូវជាប់ពន្ធនាគាររយៈពេល ១០ ខែ ចំពេលមានការអំពាវនាវពីក្រុមគ្រួសាររបស់គាត់ឱ្យដោះលែងគាត់ផងដែរ។ ទោះជាយ៉ាងណា សេចក្តីរាយការណ៍នេះក៏ត្រូវបាន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ផ្ទាល់បានបញ្ជាឱ្យដោះលែងអ្នកវិទ្យាសាស្ត្ររូបនេះផងដែរ។ ទោះបីជាគាត់ត្រូវបានដោះលែងក៏ដោយ ប៉ុន្តែបច្ចុប្បន្នប៉ូលីសមិនទាន់ច្រានចោលការចោទប្រកាន់ណាមួយមកលើរូបគាត់នៅឡើយទេ៕










