ដូចមហាជនជ្រាបហើយថាអ្នកជំនួញអនឡាញ និងជាថៅកែពេជ្រ ទ្រី ដាណា សម្រេចចិត្តចូលរោងជ័យជាមួយអតីតម៉ូដែលសង្ហា លោក រស់ រាជ្ជសាល មានភ្ញៀវកិត្តិយសចូលរួមសុទ្ធតែតារាល្បីៗជាច្រើនរូប រួមទាំងអ្នកជំនួញអនឡាញល្បីៗផងដែរ។ ក្រោយរៀបការប្រមាណ១០ថ្ងៃពេលនេះ ស្វាមីលោកស្រី ទ្រី ដាណា បានទទួលតំណែងអគ្គនាយកក្រុមហ៊ុនគ្រប់គ្រងជំនួញវាល់លានដុល្លារ។
នៅថ្ងៃទី១៣ ធ្នូ នៅលើបណ្តាញសង្គមលោកស្រី ទ្រី ដាណា បានបង្ហោះអមអរស្វាមីក្នុងឱកាសទទួលតំណែងជាអគ្គនាយកក្រុមហ៊ុន។ ក្នុងសំណេរនោះ លោកស្រី ទ្រី ដាណា ថា «
ថ្ងៃនេះបងសាល ឡើងកាន់តំណែងជាអគ្គនាយកក្រុមហ៊ុន ដាណា ទ្រី ហើយ សូមអបអរសាទរប្ដីសម្លាញ់ សូមអរគុណបង ដែលមកជួយការងារអូនគ្រប់បែបយ៉ាង។ ជូនពរបងបានសម្រេចគ្រប់ភារកិច្ចការងារ។ ក្រុមហ៊ុន ដាណា ទ្រី នឹងមានអ្វីថ្មីកាន់តែច្រើន ហើយនាំយកភាពជោគជ័យជូនបងប្អូនទាំងអស់គ្នា។ យើងទាំង២នាក់ រួមដៃគ្នាដើម្បីដឹកនាំក្រុមហ៊ុនអោយរីកចម្រើនទៅមុខកាន់តែខ្លាំង»។
ដំណឹងដែលលោក រស់ រាជ្ជសាល ឡើងកាន់តំណែងជាអគ្គនាយកនេះមានអ្នកលេងបណ្តាញសង្គមជាច្រើនចូលរួមអមអរសាទរទៅដល់អតីតម៉ូដែលរូបនេះផងដែរ។
តាមរយៈវីដេអូមួយ លោកស្រី ទ្រី ដាណា បាននិយាយថាខ្លួនមិននឹកស្មានថា ស្វាមីខ្លួនពូកែខាងរកស៊ីនោះទេ បន្ទាប់ពីលោក រស់ រាជ្ជសាល បង្ហោះវីដេអូបែបកំប្លែងប្រូម៉ូតផលិតផល។
គូសបញ្ជាក់ថា លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល បានចូលរោងការតាមប្រពៃណីដោយរៀបចំយ៉ាងអធឹកអធមកាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីរៀបការរួចអ្នកទាំងពីរបានចំណាយពេលវេលាទៅខេត្តព្រះសីហនុ និងសៀមរាប ហើយក៏មិនភ្លេចឆ្លៀតliveលក់ផលិតផលរបស់ខ្លួនឡើយ។ ជាពិសេស គូស្វាមីភរិយាមួយគូនេះរៀបការរួចកាន់តែផ្អែមល្ហែមលើសមុនទៅទៀតជីវិតពោរពេញដោយសុភមង្គលតែម្តង៕.png)










