ចេតិយឃុនឆាង ឃុនផែនជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តមួយដែលស្ថិតក្នុងភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រហែល ៤គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។

ភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តកោះកុងតែងតែមិនមើលរំលង ចង់ដឹង និងចង់ស្វែងយល់ពីចេតិយប្រវតិ្តមួយនេះ។យើងត្រូវឆ្លងស្ពានកោះកុងដែលមានចម្ងាយ ៦៥០ ពីត្រើយខាងកើតទៅត្រើយខេត្តលិច ដើម្បីទៅដល់សំណង់ចេតិយដែលមានកម្ពស់ជាង ៤ម៉ែត្រនេះ។

ប្រវតិត្តចេតិយឃុនឆាង ឃុនផែន ជាប់ទាក់ទង នឹងរឿងព្រេងនិទានមួយដែលដំណាលពីស្នេហារវាងកំលោះ២នាក់ ម្នាក់ឈ្នោះឃុនឆាង ម្នាក់ទៀតឈ្មោះឃុនផែន តាមស្រឡាញ់នារីម្នាក់ឈ្នោះ ផឹម។ស្នេហាត្រីកោណមួយនេះធ្វើអោយនារីឈ្មោះ ផឹម បានបាត់បង់ជីវិត បន្ទាប់មកឃុនឆាងក៏បានសាងសង់ ចេតិយ បញ្ចុះសពនៅត្រើយខាងលិចដើម្បីបញ្ជាក់ពីសេចក្តីស្រលាញ់ ហើយឃុនឆាង ក៏បានយកទង់ព្រលឹងនាងទៅដោតនៅត្រើយខាងកើតដើម្បីអោយនាងឆាប់បានចាប់ជាតិជាថ្មី។

ក្រោយមកកន្លែងនោះ ក៏ជាប់ឈ្មោះជាភូមិ ដងទង់ ចំណែកត្រើយខាងលិចជាកន្លែងបញ្ចុះសពនាង ផឹម បានជាប់ឈ្មោះជាភូមិចេតិយ រហូតមកដល់សព្វថ្ងៃ៕


រូបភាព: រដ្ឋបាលខេត្តកោះកុង