បរទេស៖ ក្រុមហ៊ុន Apple បានទាក់ទងទៅក្រុមហ៊ុន Samsung Display ដើម្បីឱ្យជួយផលិតអេក្រង់ដែលអាចបត់បានសម្រាប់ iPhone,iPad និង MacBook របស់ខ្លួន។
យោងតាមប្រភពព័ត៌មាន iDrop News ដែលបានរាយការណ៍នៅថ្ងៃទី១២ ខែធ្នូថា Samsung Display បានកំពុងពង្រឹងមុខងាររអាជីវកម្មរបស់ខ្លួន ដោយផ្តោតលើសមត្ថភាពក្នុងការបំពេញតម្រូវការអេក្រង់ដែលអាចបត់បែនបានសម្រាប់ Apple ។ ក្រុមហ៊ុននេះក៏កំពុងត្រូវបានផ្តល់អាទិភាពក្នុងការជួយឧបករណ៍ដែលអាចបត់បានក្លាយជាការពេញនិយមនាពេលអនាគត។ ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung Display នៅក្នុងវិស័យស្មាតហ្វូនភាគច្រើនស្ថិតនៅក្នុងផ្នែកអេក្រង់ OLED។ ក្រៅពីផលិតផលកំពូល Galaxy ទូរស័ព្ទ iPhone ក៏ជាប្រភពចំណូលដ៏សំខាន់របស់ក្រុមហ៊ុននេះផងដែរ។
បច្ចុប្បន្ន Samsung Display កំពុងឈានមុខគេនៅលើទីផ្សារអេក្រង់ដែលអាចបត់បានដោយការផ្តល់ជូនផ្តាច់មុខនូវបន្ទះ Galaxy Z Fold និង Z Flip ចាប់តាំងពីឆ្នាំ ២០១៩។ ការរៀបចំរចនាសម្ព័ន្ធនេះគឺមានគោលបំណង ដើម្បីការពារដៃគូប្រកួតប្រជែងពីការកាន់កាប់ទីផ្សារ។ សម្រាប់ LG Display វិញក៏ត្រូវបានគេនិយាយថានឹងចូលរួមក្នុងគម្រោងដែលទាក់ទងនឹងអេក្រង់បត់របស់ Apple រួមទាំងបន្ទះទំហំ 20.25 អ៊ីងផងដែរ។
យោងតាម Apple Insider បានឱ្យដឹងទៀតថា បច្ចុប្បន្ន Apple កំពុងអភិវឌ្ឍយ៉ាងស្ងៀមស្ងាត់ជាមួយ “iPhone Fold” ដែលមានអេក្រង់អាចបត់បានពាក់កណ្តាល ដោយដៃគូ Apple មួយចំនួននៅក្នុងប្រទេសកូរ៉េ អាចនឹងទទួលការកុម្ម៉ង់ក្នុងពេលឆាប់ៗនេះ ដើម្បីផលិតគ្រឿងបន្លាស់ដែលពាក់ព័ន្ធ។
ទោះបីជា iPhone ដែលអាចបត់បានទទួលបានការចាប់អារម្មណ៍ច្រើនពីសាធារណជនក៏ដោយ ក៏ក្រុមហ៊ុន Apple គ្រោងនឹងនាំយកអេក្រង់ដែលអាចបត់បានទៅកាន់ iPad និង MacBook Pro ជាមុនសិន ដែលរំពឹងថានឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០២៤ ឬ ២០២៥។
យោងតាមអ្នកជំនាញបាននិយាយទៀតថា បន្ទាប់ពីបញ្ចេញ Galaxy Fold ជំនាន់ទី ៥ Samsung Display មានបទពិសោធន៍ច្រើនក្នុងការផលិតឧបករណ៍ដែលអាចបត់បាន។ កំណែទម្រង់នេះបង្ហាញថាក្រុមហ៊ុនកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី ដោយធានាថាវាអាចបម្រើតម្រូវការអតិថិជន និងរក្សាបាននូវតំណែងឈានមុខគេនៅក្នុងទីផ្សាររបស់ពិភពលោក៕










