បរទេស៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UNODC ) បាននិយាយថា បច្ចុប្បន្នមីយ៉ាន់ម៉ាក្លាយជាប្រទេសដែលផលិតអាភៀនដ៏ធំបំផុតរបស់ពិភពលោក បន្ទាប់ពីផលិតកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ចុះដោយសារតែការហាមឃាត់របស់ពួកតាលីបង់។
យោងតាមប្រភពព័ត៌មាន ABC News ដែលបានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូថ្មីៗនេះថា ប្រទេសមីយ៉ាន់ម៉ាផលិតអាភៀនបាន ១០៨០ តោនក្នុងឆ្នាំ ២០២២-២០២៣ ពោលគឺច្រើនជាងប្រទេសអាហ្វហ្គានីស្ថានបីដងក្នុងរយៈពេលដូចគ្នានេះ។
បើតាមការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ក៏បានឱ្យដឹងទៀតថា ការដាំដុះអាភៀននៅអាហ្វហ្គានីស្ថានបច្ចុប្បន្នបានថយចុះ ៩៥% បន្ទាប់ពីរដ្ឋាភិបាលតាលីបង់ដាក់បម្រាមគ្រឿងញៀន។ ដូច្នេះ ការផ្គត់ផ្គង់អាភៀនសកលបានផ្លាស់ប្តូរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសប្រឈមនឹងភាពមិនច្បាស់លាស់ជាច្រើនបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២១។
សព្វថ្ងៃនេះ ប្រាក់ចំណូលរបស់អ្នកដាំអាភៀនមីយ៉ាន់ម៉ាបានកើនឡើង ៧៥% នៅពេលដែលតម្លៃទំនិញនេះកើនឡើងដល់ ៣៥៥ ដុល្លារ/គីឡូក្រាម។ UNODC បាននិយាយថា តំបន់ដែលស្ថិតនៅក្រោមការដាំដុះអាភៀនបានកើនឡើង ១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពី ៤០,១០០ ទៅ ៤៧,០០០ ហិកតា ដែលជំរុញឱ្យផលិតភាពដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០១។
លោក Jeremy Douglas អ្នកតំណាងប្រចាំតំបន់របស់ UNODC បាននិយាយថា អស្ថិរភាពបន្ទាប់ពីរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានជំរុញឱ្យកសិករនៅតំបន់ដាច់ស្រយាលដាំអាភៀនដើម្បីចិញ្ចឹមជីវិត។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបាននិយាយទៀតថា តំបន់ដែលកំពុងដាំអាភៀនបានកើនឡើងច្រើនជាងគេនៅតំបន់ព្រំដែនភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា រួមមានរដ្ឋ Shan រដ្ឋ Chin និង Kachin ហើយផលិតភាពក៏កើនឡើងផងដែរ។
លោក Douglas ក៏បានព្រមានដែរថា ការបង្កើនការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមអាចជំរុញឱ្យមានការដាំដុះអាភៀនកាន់តែច្រើនឡើង។ ហេតុនេះហើយ ការពង្រីកការដាំដុះអាភៀនអាចជំរុញការផលិត និងការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ និងការក្លែងបន្លំតាមអ៊ីនធឺណិតជាដើម។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលមីយ៉ាន់ម៉ាមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់អង្គការសហប្រជាជាតិនោះទេ៕










