ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មានការបង្ហោះវីដេអូមួយក្នុងប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ដោយក្នុងវីដេអូនេះបានបង្ហាញពីត្រីបាឡែនដ៏ធំ១ក្បាលត្រូវបានគេប្រទះឃើញនៅបរិវេណឆ្នេរសមុទ្រ «Port Beach» ស្ថិតក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលី ។ ភ្ញៀវទេសចរដែលបានឃើញត្រីបាឡែន ក៏នាំគ្នាហែលទឹកទៅប៉ះវា ខណៈមនុស្សផ្សេងទៀតបង្ហាញក្តីបារម្ភ ។
វីដេអូដែលថតបង្ហោះនេះមិនបានកើតឡើងជាញឹកញាប់ទេ នៅពេលមានត្រីបាឡែនយ៉ាងធំ១ក្បាលបានហែលមកកាន់តំបន់ទឹករាក់ ។ ភ្ញៀវទេសចរប្រមាណជាង១០នាក់ដែលបានទៅកម្សាន្តនៅឆ្នេរសមុទ្រ Port Beach បានហែលទឹកទៅរកត្រីបាឡែនដើម្បីប៉ះខ្លួនវា ។ គេបានថតវីដេអូនេះ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ។
សារព័ត៌មានអូស្ត្រាលីរាយការណ៍ថា ត្រីបាឡែន១ក្បាលនេះបានហែលទឹកទៅរកតំបន់ទឹកជ្រៅ ក្រោយពីវាបានហែលមកកាន់ទឹករាក់ប្រមាណជា១ម៉ោង ។ ចំណែកអ្នកស្រុកមួយចំនួនដែលបានឃើញហេតុការណ៍នេះបានបង្ហាញក្តីបារម្ភអំពីសុខភាព និងសុវត្ថិភាពត្រីបាឡែន ដោយសារតែវាហែលមកកៀកឆ្នេរសមុទ្រខុសធម្មតា ។
រីឯអ្នកវិទ្យាសាស្ត្រផ្នែកសមុទ្របាននិយាយមកកាន់សារព័ត៌មាន BBC ថា សត្វចិញ្ចឹមកូនដោយទឹកដោះនេះ អាចភ្ញាក់ផ្អើលនឹងវត្តមានរបស់មនុស្សម្នា ហើយទង្វើនេះចាត់ទុកថា គឺជាទង្វើខុសប្រក្រតី និងមានគ្រោះថ្នាក់ដល់សត្វ ។ អ្នកវិទ្យាសាស្ត្ររូបនេះបន្តថា អ្នកហែលទឹកទៅក្បែរត្រីបាឡែន នឹងធ្វើឱ្យវាភ្ញាក់ផ្អើល ហើយរឿងល្អបំផុតដែលពួកគេគួរធ្វើនៅក្នុងស្ថានភាពបែបនេះ គឺបណ្តោយឱ្យវាហែលទឹកតាមចិត្តរបស់វា ។
ចុងក្រោយ សារព័ត៌មានអូស្ត្រាលីរាយការណ៍ថា ត្រីបាឡែនដែលមានប្រវែង១៥ម៉ែត្រនេះបានងា.ប់ហើយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ គេគិតថា មូលហេតុដែលវាហែលមកក្បែរឆ្នេរសមុទ្រ ដោយសារវាត្រូវបាននាវាបុក ហើយអាជ្ញាធរក៏បានបិទឆ្នេរសមុទ្រនេះ ដើម្បីបម្លាស់ទីខ្មោចត្រីបាឡែនចេញពីឆ្នេរសមុទ្រ ។ អាជ្ញាធរបញ្ជាក់ថា នឹងរកមូលហេតុនៃការងា.ប់របស់វាឱ្យឃើញ ៕ ប្រភព ៖ TNN World










