មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា២រូប និងមន្រ្តីនគរបាលចរាចរណ៍២រូបផ្សេងទៀត ត្រូវបានឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យឃាត់ខ្លួន ដោយយកមកធ្វើការសាកសួរពាក់ព័ន្ធ នឹងការបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រឹមត្រូវតាមគោលការណ៍ដឹកនាំរបស់ថ្នាក់លើ។
ការឃាត់ខ្លួនមន្រ្តីនគរបាលចរាចរណ៍ និងមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាទាំង៤នាក់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីមហាជនមានការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាននៅលើបណ្តាញសង្គមចោទទៅលើមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ ឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅ (ភ្លើងសញ្ញាចរាចរណ៍អាងទឹកអូរឡាំពិក) បានបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រឹមត្រូវតាមគោលការណ៍ដឹកនាំរបស់ថ្នាក់លើបង្ករងការរិះគន់ និងប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីស្រាវជ្រាវជាបន្ទាន់ និងចាត់ចំណាត់ការ។
សូមបញ្ជាក់ថាមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា គ្រាន់តែជាអ្នកជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះ ដោយមិនមានសិទ្ធិឃាត់យានយន្ត ដែលការធ្វើបែបនេះ ធ្វើលើសពីតួនាទីរបស់ពួកគាត់៕









