ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន Kyodo News រាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុននឹងអនុញ្ញាតឱ្យអ្នកដំណើរយកឆ្កែ និងឆ្មាតូចៗជិះយន្តហោះសម្រាប់ការធ្វើដំណើរក្នុងប្រទេសជប៉ុន ។ ការអនុញ្ញាតនេះគិតចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ ដើម្បីបំពេញតម្រូវការធ្វើដំណើររបស់អតិថិជនកាន់តែច្រើន ។
Star Flyer Inc. គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅប្រទេសជប៉ុន ដែលបានអនុញ្ញាតឱ្យអ្នកដំណើរយកសត្វចិញ្ចឹមរបស់ពួកគេជិះយន្តហោះ កាលពីខែមីនា ឆ្នាំ២០២២ សម្រាប់ការធ្វើដំណើររវាងអាកាសយានដ្ឋាន Kitakyushu នៅខេត្តហ្វូគូអូកា និងអាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូ ។ ក្រុមហ៊ុនបានសម្រេចចិត្តពង្រីកសេវាកម្មនេះ ដោយសារទទួលបានការគាំទ្រពីអតិថិជន ។
អ្នកដំណើរម្នាក់អាចយកសត្វចិញ្ចឹមបាន១ក្បាលទៅតាមខ្លួន ហើយជើងហោះហើរនីមួយៗអនុញ្ញាតឱ្យមានសត្វចិញ្ចឹមច្រើនបំផុតចំនួន២ក្បាល ។ រីឯសំបុត្រសម្រាប់សត្វចិញ្ចឹម១ក្បាលមានតម្លៃ៣៥០ដុល្លារអាមេរិក ខណៈម្ចាស់របស់វានឹងទទួលបានកន្លែងអង្គុយនៅក្បែរសត្វពួកគេ គឺកៅអីជួរក្រោយបង្អស់ក្នុងយន្តហោះ ។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍បានស្នើសុំការសហការពីអ្នកដំណើរដែលបានយកសត្វចិញ្ចឹមមកជាមួយ ហាមផ្តល់ចំណីឱ្យវាស៊ីក្នុងអំឡុងពេលហោះហើរ ប៉ុន្តែពួកគេអាចផ្តល់ទឹកឱ្យវាផឹកបាន ។
ចាប់ពីឆ្នាំ២០២៤ តទៅ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុននឹងអនុញ្ញាតឱ្យអ្នកដំណើរអាចយកសត្វចិញ្ចឹមជិះយន្តហោះរវាងអាកាសយានដ្ឋាន Haneda និង Kansai ក្នុងខេត្តអូសាកា និងអាកាសយានដ្ឋាន Yamaguchi Ube នៅខេត្ត Yamaguchi ព្រមទាំងអាកាសយានដ្ឋាន Fukuoka និងអាកាសយានដ្ឋាន Chubu នៅខេត្ត Aichi និង Fukuoka ។
អ្នកតំណាងក្រុមហ៊ុន Star Flyer Inc. លើកឡើងថា ៖ «រហូតមកដល់ពេលបច្ចុប្បន្ន មានអតិថិជនប្រើប្រាស់សេវាកម្មនេះប្រមាណ៣០០លើកក្នុងជើងហោះហើររវាងអាកាសយានដ្ឋាន Kitakyushu និងអាកាសយានដ្ឋាន Haneda» ៕
ប្រភព ៖ mgronline










