ពិតជាល្អដូចជាឈ្មោះពិតមែន មិនត្រឹមតែមានរូបឆោមស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែ យុវតី ល្អហួស ម្ចាស់ជ័យលាភីបវរកញ្ញាវ័យក្មេង Miss Preteen Cambodia 2023 ត្រូវបានមហាជនកោតសរសើរជាថ្មីបន្ទាប់ពីរាំរបាំបួងសួងថ្វាយដល់សត្វនាគនៅក្នុងកម្មវិធីមួយដោយចំណាយពេលហ្វឹកហាត់តែ៣ម៉ោងប៉ុណ្ណោះតែអាចរាំបានយ៉ាងល្អដូចអ្នកជំនាញអាជីព។
កម្មពិធីបុណ្យកតញ្ញូ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ធ្នូ នេះមានការចូលរួមពីសិល្បករ សិល្បការិនីជាច្រើនរូបគ្រប់កាលជំនាន់ សម្តែងបង្ហាញថ្វាយគ្រប់ទម្រង់ ភ្លេង តន្ត្រី ចាប៉ី បាសាក់ យីកេ ខោល សៀក របាំបុរាណ របាំប្រពៃណី សិល្បៈ វប្បធម៌ ក្បាច់គុន ជាច្រើនទៀតទ្រង់គ្រឿងបែបបុរាណដោយសម្តែងជូនមិនគិតថ្លៃដែលឆ្លុះភាពកតញ្ញូពីដួងចិត្តពិតរបស់អ្នកសិល្បៈ។ មួយក្នុងចំណោមតារាល្បីៗជាច្រើនរូបដែលចូលរួម ល្អហួស ក៏លេចមុខនៅក្នុងកម្មវិធីនេះដូចគ្នា។
តាមការបញ្ជាក់របស់យុវតី ជូរី ល្អហួស បានសម្តែងជាតួអង្គ ក្សត្រីនាគី១អង្គ ក្នុងចំណោមក្សត្រីនាគីទាំងប្រាំបីទិស ព្រមទាំងបានរាំរបាំបួងសួងថ្វាយទៅដល់ស្តេចនាគ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗនោះ ល្អហួស ប្រើពេលតិចប៉ុណ្ណោះក្នុងការហាត់រៀនរបាំខ្មែរនេះ។
ល្អហួស បានសរសេរថា «ហាត់ត្រឹមតែរយះពេលខ្លី ៣ម៉ោង របាំបួងសួង អរគុណអ្នកគ្រូ Tes Sokhon សំរាប់ការបង្ហាត់បង្រៀនកូន»។ ទន្ទឹមនឹងពាក្យពេចន៍នេះ ល្អហួស ក៏បានបង្ហោះពីរបាំបួងសួងបង្ហាញជូនទៅកាន់អ្នកគាំទ្រលើបណ្តាញសង្គមផងដែរ។
ក្រោយពីបញ្ជាក់ថាខ្លួនហាត់ត្រឹមរយៈពេល៣ម៉ោង អ្នកគាំទ្រជាច្រើនបានពោលសរសើរ ល្អហួស ដោយបង្ហាញការស្រលាញ់ទៅដល់ក្មេងស្រីរូបនេះជាសិល្បការិនីវ័យក្មេងពោរពេញដោយទេពកោសល្យមិនថាសម័យឬបុរាណ ល្អហួស តែងតែធ្វើឱ្យគ្រប់គ្នាកោតសរសើរពីសមត្ថភាពរបស់នាងដូចជាឈ្មោះគឺ ល្អទាំងព្រមតែម្តង៕










